បិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ក្រោយរំលូតកូនស្ដ្រីម្នាក់ដែលស្លាប់ក្នុងផ្ទៃ ហើយស្ថានភាពធ្ងន់ធ្ងរ. ជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់

កំពង់ស្ពឺ៖ មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង [ផ្សារព្រៃទទឹង] ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទជាបណ្ដោះអាសន្ន ដើម្បីឲ្យមន្ដ្រីជំនាញធ្វើការស្រាវជ្រាវបន្ថែម បន្ទាប់ពីរំលូតកូនស្ដ្រីម្នាក់ដែលស្លាប់ក្នុងផ្ទៃ បណ្ដាលឲ្យជនរងគ្រោះវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
យោងលិខិតរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា [បិទបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដើម្បីសិក្សាឲ្យបានច្បាស់លាស់ពីហេតុការណ៍ ដែលបណ្ដាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន]។

