ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរចំពោះលទ្ធផល ដ៏ល្អគួរជាទីមោទនៈនៃ វគ្គហ្វឹកហ្វឺនពិសេស បំប៉នជំនាញការពារព្រំដែនគោក ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈនៃ “វគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញការពារព្រំដែនគោកឆ្នាំ២០២២” ដែលពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងពង្រឹង និងពង្រីកសមត្ថភាពជំនាញជូនដល់យោធិន ស្របតាមផែនការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់កងទ័ពជើងគោក ។
ក្នុងឱកាសអញ្ជើញបិទវគ្គហ្វឹកហ្វឺនពិសេស បំប៉នជំនាញការពារព្រំដែនគោកឆ្នាំ២០២២ នាថ្ងៃទី១៥ ខែវិច្ឆិកា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលក្នុងថ្ងៃនេះក៏បានបំពេញតម្រូវការលើការខ្វះខាតធនធានមនុស្សរបស់បណ្តាយោធភូមិភាគ និងស្ថាប័នជំនាញ ខណៈដែលការបំប៉នលើជំនាញទាំងនេះ ត្រូវបានអាក់ខានអស់រយៈពេល ២ឆ្នាំកន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ផ្អែកលើលទ្ធផលជាក់ស្តែងក្នុងថ្ងៃនេះ សូមថ្លែងអំណរគុណចំពោះការិយាល័យការពារព្រំដែន បញ្ជាការដ្ឋានកងទ័ពជើងគោក, គណៈគ្រប់គ្រងវគ្គ និងយោធាចារ្យ ព្រមទាំងសាលាពលទី៣ យោធភូមិភាគីទី៣ ដែលបានសហការ និងសម្របសម្រួលរៀបចំដំណើរការវគ្គហ្វឹកហ្វឺននេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ឯកឧត្ដមមេទ័ពជើងគោក ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។ ជោគជ័យនេះ គឺកើតចេញពីឆន្ទៈចង់សិក្សារៀនសូត្រ និងការតស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង ដោយនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ដែលនឹងប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
មេទ័ពជើងគោក៖ ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃ ការកែទម្រង់កងយោធពលខេមរភូមិន្ទ ។
ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេស បំប៉នជំនាញការពារព្រំដែនគោក ឆ្នាំ២០២២ នាថ្ងៃទី១៥ ខែវិច្ឆិកា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺនបំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗ ក៏ដូចជាទិសដៅទស្សនវិស័យនៃ ដំណើរការកែទម្រង់ទាំងមូល ៕
