ឯកឧត្តម វេង សាខុន អញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារថ្នល់កែង ភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកតំបែរខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៩ តុលា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរ-ឥស្លាមជាង ៦០នាក់នៅវិហារថ្នល់កែង ភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ។
ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ឯកឧត្តមប្រធានពាំនាំនូវក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនខ្មែរ-ឥស្លាមយើងទាំងអស់ក្នុងស្រុកតំបែរ។
នាឱកាសនោះ ឯកឧត្តមប្រធានបានអរគុណដល់បងប្អូនខ្មែរ-ឥស្លាមទូទាំងស្រុកតំបែរដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនិងប្រជាជនកម្ពុជា ដោយមិនប្រកាន់សាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក។
ឯកឧត្តមប្រធានបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះសុខដុមនីយកម្មសាសនា ដើម្បីធានាថាកម្ពុជាមិនប្រកាន់ជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ សុខដុមនីយកម្មនៃជនជាតិ និងសាសនានេះ គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត។
ឯកឧត្តមប្រធានក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនខ្មែរ-ឥស្លាមទាំងអស់ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយជោគជ័យផងដែរ និងជាពិសេសបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនដ៏ច្រើនលើសលុប នាខែមិថុនាកន្លងទៅ។ ភាពជោគជ័យនេះ បានអនុញ្ញាតឱ្យប្រទេសកម្ពុជាយើងអាចបើកដំណើរការជាប្រក្រតីឡើងវិញ បន្តបាននូវសុខសន្តិភាព សុវត្ថិភាពសង្គម និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងបន្តស្តារសេដ្ឋកិច្ចជាតិបានយ៉ាងឆាប់រហ័ស។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បានប្រគល់ជូនថវិកាចំនួន ១លានរៀលទុកសម្រាប់ប្រើការនៅក្នុងវិហារថ្នល់កែង ហើយក៏បានឧបត្ថម្ភដល់បងប្អូនខ្មែរ-ឥស្លាមដែលមានវត្តមាននាព្រឹកនេះ ដោយក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀលស្មើៗគ្នា។
ជាចុងក្រោយ ឯកឧត្តមប្រធានក៏បានជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេស សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសូមព្រះអាឡោះប្រទានពរ ផ្តល់ភាពសុខសាន្ត និងការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នាកុំបីឃ្លៀងឡើយ ៕
