បណ្ឌិត ហ៊ុន ម៉ាណែត៖ តាំងពីដើមរៀងមក រាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ និងនៅក្បែរពលរដ្ឋជាប់ជាប្រចំា ហើយខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការបម្រើពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា តាំងពីដើមរៀងមក រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ តែងបានយកចិត្តទុកដាក់ និងនៅក្បែរប្រជាពលរដ្ឋជាប់ជាប្រចំា ហើយក៏បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការបម្រើប្រជាពលរដ្ឋ ដោយធ្វើការកែលម្អរាល់ចំណុចខ្វះខាតនានាជាប់ជាប្រចាំ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលនានា ក្នុងវត្តច័ន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ នាថ្ងៃទី២៧ ខែតុលា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ-១៩ បានគ្របដណ្តប់នៅទូទាំងសាកលលោក ហើយក្នុងរយៈពេលដ៏ខ្លី ជំងឺដ៏កាចសាហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋយ៉ាងច្រើន និងបានបង្កជាសោកនាដកម្ម និងផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច-សង្គម។
ឯកឧត្ដមបញ្ជាក់ថា ក្នុងនេះ កម្ពុជាក៏ទទួលផលប៉ះពាល់ផងដែរ ប៉ុន្តែដោយសារតែកុសលផលបុណ្យ នៃការរួបរួមគ្នាជាធ្លុងមួយរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ទើបធ្វើឱ្យប្រទេសជាតិយើងបានទទួលជោគជ័យលើការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងព្រមទាំងអស់បើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញយ៉ាងឆាប់រហ័ស ហើយក៏ទទួលបាននូវចំណាត់ថ្នាក់សាកលផងដែរ នៅក្នុងការវាយតម្លៃពីមជ្ឈដ្ឋានអន្តរជាតិ។
ឯកឧត្ដមបណ្ឌិតបន្ថែមថា ទាំងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ សម្តេចតេជោ ជាពិសេសដូចដែលស្តែងឡើងតាមរយៈទទួលយកការចាក់វ៉ាក់បង្ការកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងដោយគ្មានភាពអល់អែក ៕
