រដ្ឋមន្រ្តីកសិកម្ម ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង ដើម្បីឈ្វេងយល់អំពីខ្សែ ច្រវាក់ផលិតកម្មស្រូវអង្ករ

ភ្នំពេញ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្ទាប់ពីបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីបងប្អូនកសិករយើង ចាប់តាំងពីក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប បន្ទាយមានជ័យ នៅថ្ងៃចន្ទនេះមុនពេលចេញពីខេត្តបាត់ដំបង មកកាន់ខេត្តពោធិ៍សាត់ បានទៅទស្សនាឈ្វេងយល់អំពីខ្សែ ច្រវាក់ផលិតកម្មស្រូវអង្ករ នៅឯរោងម៉ាស៊ីនកិនស្រូវនៃក្រុមហ៊ុនបៃតងកម្ពុជារបស់លោកឧកញ៉ា ភូ ពុយ។
បន្ទាប់ពីបានដើរទស្សនាលំហូដំណើរការនៃរោងម៉ាស៊ីនកិនស្រូវតាំងពីដើមរហូតដល់ចប់រួចមក ឯកឧត្ដមបានជួបពិភាក្សា ការងារជាមួយលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដូចជាភ្នាក់ងារប្រមូលទិញស្រូវ និងអ្នកផលិតពូជ ស្រូវសម្រាប់ផ្គត់ផ្គង់ ដល់ប្រជាកសិករ។
ឯកឧត្ដមឌិត ទីណា បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលជាងមួយម៉ោង លោកឧកញ៉ា ភូ ពុយ បានសម្ដែងសុទិដ្ឋិនិយមនៅពេល និយាយដល់ផែនការផលិតស្រូវពូជដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ដល់ កសិករឱ្យត្រូវនឹងតម្រូវការទីផ្សារ។
ឯកឧត្ដមរដ្ឋមន្ត្រីកសិកម្មបន្ថែមថា ការស្វាគមន៍ក៏មានផងដែរពីសំណាក់ភាគីពាក់ព័ន្ធដទៃទៀត ក្នុងក្ដីសង្ឃឹមថា ផែនការយុទ្ធសាស្ត្រថ្មីនេះនឹង អាចជួយគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាពរលូនជាងមុន ចាប់តាំងពីនៅវាលស្រែរហូតដល់ទីផ្សារតែម្ដង ធ្វើយ៉ាងណាជួយដល់ប្រជាកសិករឱ្យទទួលបានទិន្នផលស្រូវប្រសើរជាងមុន ទាំងគុណភាពនិងបរិមាណ៕

