សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរជូន លោក ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី ២០ នាចុងសប្តាហ៍នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាតាងនាមគណបក្សប្រជាជនកម្ពុជា (CPP) ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិក CPC ទាំងអស់ ចំពោះការបិទបញ្ចប់ដោយជោគជ័យ នៃ សមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ដែលនឹងផ្ដល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិន ក្លាយជាប្រទេសសង្គមនិយមទំនើប។
សម្តេចតេជោជឿជាក់ថា ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ លោកប្រធានាធិបតី ស៊ី ជិនពីង ប្រទេសចិន នឹងទទួលបានជោគជ័យធំធេងបន្ថែមទៀត ព្រមទាំងសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី ២ ក៏ដូចជាសម្រេចជោគជ័យលើគោលនយោបាយ និងគោលដៅដែលដាក់ចេញដោយសមាជ ជាតិរបស់បក្សកុម្មុយនីស្តចិន លើកទី ២០ ។
សម្តេចតេជោបានគូសបញ្ជាក់ថា៖ [ប៉ុន្មានឆ្នាំកន្លងមកនេះ CPP និង CPC បានពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន រីកចម្រើនឥតឈប់ឈរ សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ]។
សម្តេចតេជោ បានបង្ហាញអំពីការទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភាពជាប្រពៃណី រវាង CPP និង CPC និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា ចិន ទៅកាន់កម្រិតថ្មីមួយទៀត៕

