នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ៖ ១០ខែ កម្ពុជា ផាកពិន័យជនបរទេស គ្មានបណ្ណការងារជាង ២ពាន់នាក់

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា លទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេស គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២បានចុះត្រួតពិនិត្យគោលដៅចំនួន ៣.០៨០គោលដៅ ត្រួតពិនិត្យពលករបរទេស ចំនួន ៣០.៨៣៤នាក់ ព្រមទាំងបានផាកពិន័យជនបរទេសគ្មានបណ្ណការងារចំនួន ២.៤១៦នាក់។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ ហត្ថពលកម្មបរទេស នាថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍សង្ខេបជុំវិញ លទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេសគិតចាប់ពីខែ មករា ដល់ខែតុលា ឆ្នាំ២០២២ជូន សម្តេចក្រឡាហោម ស ខេង និងអង្គប្រជុំទាំងមូល។
ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍លើកឡើងថា ក្រោមការអនុវត្តប្រកាសអន្តរក្រសួងស្តីពីអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចហត្ថពលកម្មជារៀងរាល់ឆ្នាំដោយបានរៀបចំក្រុមការងារចុះអធិការកិច្ចនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានឯកជននានាទូទាំងប្រទេស។
ក្រោយបានស្តាប់របាយការណ៍សង្ខេបរួចហើយនោះ សម្តេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ គាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារ បន្តអនុវត្តផែនការនេះឱ្យបានហ្មត់ចត់ស្របតាមវិជ្ជាជីវៈ ការទទួលខុសត្រូ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីឱ្យឈានដល់គោលដៅដែលយើងចង់បាន៕

