ពលរដ្ឋរងផលប៉ះពាល់ ដោយទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកកំពង់សៀម ៤៩៧គ្រួសារ ទទួលបានអំណោយពូជស្រូវពីរាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឡាំង ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវស្រាលមិនប្រកាន់រដូវរបស់រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករចំនួន៤៩៧គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់មក នៅវេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងក្រុមការងារ បានបន្តចូលរួមចូលរួមជាមួយ ក្រុមការងារក្រសួងកសិកម្ម និងគណៈកម្មាធិការឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឡាំង ហេងហួត អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ និងពិនិត្យស្ថានភាពនៃការដាំដុះដំណាំស្រូវរបស់បងប្អូនកសិករ នៅក្នុងឃុំ ចំនួន៣ រួមមាន ឃុំពាមកោះស្នារ ឃុំព្រះអណ្តូង និងឃុំខ្ពបតាងួន នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

