ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងឯកអគ្គរាជទូតអូស្ត្រាលីកម្ពុជា ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវនីតិវិធីថ្មី ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវនីតិវិធីថ្មី ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ។
ពិធីខាងលើមានការអញ្ជើញចូលរួមពីលោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបាលមូលនិធិជាតិជំនួយសង្គម ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នជាតិ អន្តរជាតិ ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យពាក់ព័ន្ធសរុបប្រមាណ ១៨០រូប ក្រោមកិច្ចគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ទាំងឡាយ ដែលបណ្តាលមកពីជំងឺកូវីដ១៩ ភាពតានតឹងផ្នែគភូមិសាស្ត្រនយោបាយនានា គ្រោះមហន្តរាយធម្មជាតិ បានបណ្តាលឱ្យមាននិន្នាការកើនឡើងនូវថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារដែលធ្វើឱ្យមានប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពនៃវិធានការអន្តរាគមន៍ជំនួយសង្គម សំដៅ៖ (១)បន្តគាំពារនិងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩រហូតដល់ដំណាច់ឆ្នាំ២០២២ និង (២)ព្រមទាំងគិតគូរបន្ថែមក្នុងការរៀបចំផ្តល់ការគាំទ្រដល់ជីវភាពរបស់គ្រួសារគោលដៅដែលងាយរងហានិភ័យ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណានេះផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងបន្តថា ការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានបង្កើតឡើងក្នុងរយៈពេល១៥ឆ្នាំមកហើយ ក្រសួងផែនការពិតជាមានមោទនភាពខ្លាំងណាស់ ដោយសារទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រត្រូវបានរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការអន្តរាគមន៍គាំពារសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ ដូចជា៖
– ចាប់តាំងពីឆ្នាំ២០០៧ ទិន្នន័យគ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់ដោយក្រសួងសុខាភិបាល និងអង្គការនានា សម្រាប់ជាមូលដ្ឋានផ្តល់សេវាសុខភាពជូនដល់គ្រួសារក្រីក្រ។
– ឆ្នាំ២០០៨ នៅពេលកម្ពុជាទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយទឹកជំនន់ គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ ត្រូវបានគិតគូរជាពិសេសសម្រាប់អន្តរាគមន៍ជំនួយសង្គមជាការឧបត្ថម្ភស្បៀងអាហារ។
– ទិន្នន័យគ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីស្បៀងពលកម្ម និងការផ្តល់អាហារូបករណ៍សម្រាប់សិស្សក្រីក្រ នៅថ្នាក់បឋមសិក្សា
– ឆ្នាំ២០១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ ដើម្បីចូលរួមចំណែកនូវការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ, និង លើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ, និង ជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
– ឆ្នាំ២០២០ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

– ហើយក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាបន្ថែមទៀត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បន្តថា ជាក់ស្តែងថ្ងៃនេះ យើងបានអភិវឌ្ឍន៍ខ្លួនទៅមុខ ដោយបានដាក់អោយប្រើប្រាស់នីតិវិធីថ្មី ស្តីពីការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យដោយផ្តោតជាសំខាន់លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនប្រសិទ្ធភាពប្រមូល គ្រប់គ្រង និងចែកផ្សាយទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យដល់រាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបន្តរៀបចំផ្តល់ការគាំទ្រជាជំនួយសង្គមនានានិងឱ្យស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក៏នឹងគ្របដណ្តប់លើគ្រួសារងាយរងហានិភ័យផងដែរ។ មានន័យថា គ្រួសារដែលរស់នៅក្បែរខ្សែបន្ទាត់នៃភាពក្រីក្រ និងមានប្រភេទភាពងាយរងគ្រោះចំនួនមួយ ក្នុងចំណោមប្រភេទភាពងាយរងគ្រោះចំនួន៥ ដូចជា៖ ១)គ្រួសារមានសមាជិកមានពិការភាព ២)គ្រួសារមានសមាជិកចាស់ជរាអាយុចាប់ពី៦០ឆ្នាំ ៣)គ្រួសារដែលមានសមាជិកសុទ្ធតែអាយុក្រោម១៨ឆ្នាំ ៤)គ្រួសារមានកុមារអាយុក្រោម២ឆ្នាំ និង៥)គ្រួសារមានមេគ្រួសារជាស្ត្រី ក៏នឹងត្រូវកំណត់អត្តសញ្ញាណនិងចុះឈ្មោះនៅក្នុងមូលដ្ឋានទិន្នន័យក្រសួងផែនការ ជាមួយនឹងការដាក់ឱ្យដំណើរការជាផ្លូវការនូវAPP អត្តសញ្ញាណកម្មគ្រួសារក្រីក្រសម្រាប់ សាធារណជនផងដែរ។ ការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ក៏នឹងត្រូវបានអនុវត្តដោយក្រុមការងារឃុំ សង្កាត់ ក្រោមការដឹកនាំរបស់ក្រសួងផែនការ ដោយមានការគាំទ្រពីមន្ទីរផែនការរាជធានី ខេត្ត។ ទិន្នន័យគ្រួសារងាយរងហានិភ័យ នឹងក្លាយជាទិន្នន័យសម្រាប់ការកំណត់ក្រុមគោលដៅទទួលអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានសម្រេចដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការវិនិយោគប្រកបដោយនិរន្តរភាពរបស់យើងទៅក្នុងប្រព័ន្ធគាំពារសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ ប្រជា ជនក្រីក្រ ខណៈពេលដែលមានការរីករាលដាលសកលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រជាពលរដ្ឋជាច្រើន។ មូលដ្ឋានទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមាន ស្រាប់បានអនុញ្ញាតឱ្យយើងបង្កើនការចុះបញ្ជីបានយ៉ាងឆាប់រហ័ស ហើយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(មូលនិធិជាតិជំនួយសង្គម) ក្រោមឆ័ត្រនៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម គឺរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលបានចាប់ ផ្តើមពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ បានចំណាយថវិកាជាតិអស់រង្វង់៨០០លានដុល្លារអាម៉េរិក ទៅដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រប្រមាណ៧០០.០០០គ្រួសារ ប្រហែល ២,៨លាននាក់។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងនូវអំណរគុណដល់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់(BMZ) ក៏ដូចជា នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី(DFAT) តាមរយៈអង្គការ GIZ ដែលតែងតែផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមការងារអង្គការGIZ ដែលបានសហការជាមួយក្រុមការងារក្រសួងផែនការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងកែលម្អអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ព្រមទាំងអ្នកមានចំណែកពាក់ព័ន្ធដទៃទៀត ជាពិសេស អង្គការ UNDP និងធនាគារពិភពលោក ដែលបានចូលរួមចំណែកគាំទ្រដល់ការងារកែលំអវិធីសាស្រ្តគណនាពិន្ទុសម្រាប់ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ៕

