មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញចែកអំណោយអាវភ្លៀងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនយោធិន

ភ្នំពេញ៖ អាវភ្លៀងដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ យកចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ៗរូប នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល ជួសមុខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំង ប្រដាប់អាវុធគ្រប់ៗរូប។

លោកបានបន្តថា ក្រៅពីផ្គត់ផ្គង់គោលរបបលើកទឹកចិត្តផ្សេងៗ មានថវិកា និងសម្ភារនោះ គឺនៅរដូវវស្សាសម្តេចបានចែកអាវភ្លៀង រីឯនៅរដូវរងារ សម្តេចបានចែកអាវរងារជារៀងរាល់ឆ្នាំ។
បន្ថែមពីនេះ លោកបានណែនាំយោធិនទាំងអស់ ត្រូវអនុវត្តតួនាទី ភារកិច្ច ស្របទៅតាមបទបញ្ជា ពិសេសត្រូវថែរក្សាសុខភាពឲ្យបានរឹងមាំ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការពារជាតិទឹកដីឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ៕

