ខែសីហា ក្រុមការងារហ្វេសប៊ុក សម្ដេច ស ខេង ទទួលសំណូមពរពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ១៥៧គណនី

ភ្នំពេញ៖ ក្នុងខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១៥៧គណនី។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ កញ្ញានេះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន១០គណនី។ បូករួមទាំងករណីសេសសល់កាលពីខែមុនៗ និងក្នុងខែសីហា គឺនៅមានករណីចំនួន៣១៣ទៀត កំពុងស្ថិតក្នុងការដោះស្រាយតាមនីតិវិធីក្រុមការងារ និងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃ។ ដោយឡែក ក៏នៅមានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀតដែលបងប្អូនជនរួមជាតិបានផ្ញើមក ហើយត្រូវបានក្រុមការងាររកឃើញថាករណីទាំងនោះខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្រុមការងារក៏បានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។
សម្ដេចបានកោតសរសើរដល់មន្ត្រីសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ដែលបាន ខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និង ផលប្រយោជន៍ ។ល។ ជាមួយគ្នានេះ សម្ដេចក៏សុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែល ស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយការដោះស្រាយទាំងអស់នោះ ត្រូវតែធានាឱ្យបានល្អគ្រប់ជ្រុងជ្រោយពិតប្រាកដ នៃបញ្ហានិងចប់ចុងចប់ដើមដោយ មិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជា តាមបែបបទរដ្ឋបាលនោះទេ។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។
ជាថ្មីម្តងទៀត សម្ដេចបានស្នើសុំការយល់យោគអធ្យាស្រ័យ ពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់ បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី ៕

