អភិបាលរងខេត្តកណ្ដាល ជំរុញឲ្យអាជ្ញាធរស្រុកកោះធំនិងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើ

ភ្នំពេញ៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញឲ្យអាជ្ញាធរស្រុកកោះធំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើគ្រប់ប្រភេទនៅតាមរមណីយដ្ឋាន ទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និង ទីសាធារណៈនានា ហើយខិតខំថែរក្សាឱ្យដុះលូតលាស់បានល្អដើម្បីផ្តល់ជាប្រយោជន៍យើងទាំងអស់គ្នា។
លោកអភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាធិបតីក្នុងពិធីដាំដើមកូនឈើ នៅក្នុងបរិវេណវត្តនទួលគុហារ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
លោកអភិបាលរងខេត្តកណ្ដាល បានឲ្យដឹងទៀតថា ការដាំដើមឈើគ្រប់ប្រភេទ ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើងផងដែរ ជាងនេះទៀត ព្រៃឈើជាសម្បត្តិធម្មជាតិដ៏សំខាន់ ក្នុងការរក្សាលំនឹងបរិស្ថាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្តចំពោះ មនុស្ស សត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ។
យ៉ាងណាម៉ិញ ការបាត់បង់ធនធាន ព្រៃឈើជាចំណែកមួយក្នុងចំណោមបញ្ហាធំៗក្នុងពិភពលោក ដែលជះឥទ្ធិពលអាក្រក់ បង្កឱ្យដីបាត់បង់ជីជាតិ និងកើតមានគ្រោះធម្មជាតិ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ ការបម្រែបម្រួលអាកាសធាតុ កម្ដៅផែនដីកើនឡើង ។ល។ ដែលនាំឱ្យមានផលវិបាកក្នុងការរស់នៅទាំង មនុស្ស សត្វ និងរុក្ខជាតិ ជាពិសេសជួបប្រទះផលវិបាកក្នុង ផលរបរកសិកម្ម។
លោក ឆែ វណ្ណឌី អភិបាលរងស្រុកកោះធំ បានអោយដឹងថា កូនឈឺដែលត្រូវដាំនាថ្ងៃនេះ មានចំនួន១០.០០០ដើម ដោយបានធ្វើការបែងចែកដាំនៅតាមសាលារៀន វត្តអារាម និងនៅតាមរដ្ឋបាលឃុំ ហើយកូនឈឺទាំង១០.០០០ដើមនេះ មានការឧបត្ថម្ភពីរដ្ឋបាលខេត្តកណ្ដាលផងដែរ៕

