មេបញ្ជាការរងយោធភូមិភាគទី៤ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយករងមន្ទីពេទ្យយោធភូមិភាគ៤ និងនាំយកថវិកា និងគ្រឿងបរិក្ខាប្រគល់ជូនគ្រួសារសព

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ឆូយ សុផល មេបញ្ជាការរងយោធភូមិភាគទី៤ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំនាយទាហាន នាយទាហានរង បញ្ជាការដ្ឋានយោធភូមិភាគទី៤ នាំយកថវិការ និងគ្រឿងបរិក្ខាមួយចំនួន ដើម្បីចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័កជាកិច្ចបច្ឆាមរណៈ ថ្នាក់ឧត្តមសេនីយ៍ត្រី ជូនលោក វរៈសេនីយ៍ឯក ស៉ិន យឿម នាយករងមន្ទីរពេទ្យ យោធភូមិភាគទី៤ ដែលបានទទួលមរណៈភាព នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩:៤៥នាទីព្រឹក ដោយរោគាពាធ នៅគេហដ្ឋានរបស់សពដែលស្ថិតនៅ ភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប ។

ឧត្តមសេនីយ៍ទោ ឆូយ សុផល មេបញ្ជាការរងយោធភូមិភាគទី៤ រួមទាំង នាយទាហាន នាយទាហានរងទាំងអស់ បានចូលរួមរំលែកទុក្ខ និងមានប្រសាសន៍សូមចូលរួមសោកស្តាយនូវមរណៈភាពរបស់លោកឧត្តមសេនីយ៍ត្រី ស៉ិន យឿម គឺជាការបាត់បង់មិត្តរួមអាវុធ មិត្តរួមការងារ និងជាការបាត់បង់មនុស្សដ៏សំខាន់ដែលគួរឱ្យគោរពស្រឡាញ់ទាំងក្នុងអង្គភាព និងក្នុងក្រុមគ្រួសារ ដែលយើងទាំងអស់គ្នាមិនអាចរកពាក្យអ្វីមកថ្លែងពុំបាននៃទំហំសេចក្ដីសោកស្ដាយ និងអាឡោះអាល័យនេះបានឡើយ៕

