អង្គការសង្គមស៊ីវិលខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន

(តាកែវ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំវេទិកាសន្ទនាស្តីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រោមប្រឹក្សាភិបាល វ.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ស៊ុត ខុន អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីតំណាងអង្គការ សមាគម សហគមន៍ និងសហជីពក្នុងខេត្ត រួមទាំងមន្ទីរជំនាញជាច្រើនរូប។
ក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ មន្រ្តីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមធ្វើបទបង្ហាញក្រោមប្រធានបទ «ការយល់ដឹងអំពីអក្ខរកម្មឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដើម្បីផ្តល់ឱកាសឱ្យតំណាងអង្គការសង្គមស៊ីវិលនិងមន្ត្រីមូលដ្ឋាន បានឈ្វេងយល់អំពីបរិវត្តិកម្មឌីជីថល ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។ អ្នកចូលរួមក្នុងអង្គវេទិកាបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពបន្ថែមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋានឱ្យកាន់តែល្អប្រសើរ។
ថ្លែងក្នុងអង្គវេទិកានេះ លោក ស៊ុត ខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិល ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសង្គមនិងអភិវឌ្ឍតាមមូលដ្ឋាននាពេលកន្លងមក។ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋានខេត្តតាកែវ ពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋានក្នុងបរិបទឌីជីថល សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០២៥០។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ឯកឧត្តម ដួង វីរ័ត្ន បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អនិងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលក្នុងខេត្តតាកែវ ព្រមទាំងបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់ការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា វ.ស.ស. នឹងបន្តរៀបចំឱ្យមានបទបង្ហាញលើប្រធានបទសំខាន់ៗផ្សេងទៀត ដើម្បីចូលរួមពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល និងលើកកម្ពស់សុខដុមនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

