ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ

កណ្តាល៖នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានរំឭកអំពីប្រវត្តិរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ ដោយកាលពីមុនទាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលយើងរៀងកំសត់ ដោយសារប៉ុស្តិ៍ខ្លះអត់មានដី ប៉ុស្តិ៍ខ្លះទៀតមានដីតែគ្មានអគាររឹងមាំ ដែលពិបាកក្នុងការបំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋ។ ប៉ុន្តែបច្ចុប្បន្ន ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តកណ្តាល គឺយើងមានអគារប៉ុស្តិ៍ធ្វើការបានសមរម្យហើយ ដូច្នេះយើងត្រូវខិតខំប្រឹងបំពេញភារកិច្ចរបស់ខ្លួនតាមការប្រគល់ឱ្យពីថ្នាក់ដឹកនាំ និងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។
ជាមួយគ្នានេះ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវចេះថែទាំអគារប៉ុស្តិ៍ បើចាស់ត្រូវលាបថ្នាំឱ្យបានស្អាត រក្សាបរិស្ថានអនាម័យឱ្យបានស្អាតទាំងកន្លែងសម្រាកប្រចាំការ ផ្ទះបាយ និងបន្ទប់ទឹកជាដើម។ លោកឧត្តមសេនីយ៍ទោស្នងការ បានបន្ថែមថាការចុះត្រួតពិនិត្យតាមប៉ុស្តិ៍នេះមិនមែនទៅចាប់កំហុសនោះទេ ប៉ុន្តែចុះទៅដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនិងចង់ដឹងពីសុខទុក្ខរបស់កម្លាំងនគរបាលប៉ុស្តិ៍ និងស្វែងរកចំណុចខ្វះខាតដើម្បីកែលំអនិងបំពេញបន្ថែមឱ្យបានល្អ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានអង្ករ១តោន ទឹកសុទ្ធ២០កេស មី២០កេស ត្រីខ១កេស រួមទាំងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការដ្ឋាននគរបាលក្រុងតាខ្មៅផងដែរ។

