រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត

ឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត នៅសាលប្រជុំរដ្ឋបាលខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១០ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ និងមានការចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ , ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមានការចូលរួមផងដែរ ពីអភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។
បន្ទាប់មក ឯកឧត្តម រដ្ឋលេខាធិការ ក៏បានប្រគល់ជូនថវិកា ចំនួន ១០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណង ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ ជាមួយនិងការកៀរគរឱ្យ មានការចូលរួមអនុវត្តន៍ពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តកាន់តែល្អប្រសើរ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត បានថ្លែងថា កងកម្លាំងនិងអាជ្ញាធររបស់យើងនេះហើយជាអ្នករួមចំណែកយ៉ាងពិតប្រាកដ ក្នុងការធ្វើឱ្យប្រទេសជាតិ ដែលដើរចេញ ពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។
ឯកឧត្តម អភិបាលខេត្តបន្តថា រដ្ឋបាលខេត្តនឹងបង្កើនការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ នឹងបន្តប្ដេជ្ញាប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើសគ្រប់ប្រភេទដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសនានា ព្រមទាំងអនឡានស្គេមផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានណែនាំឱ្យបន្តគាំទ្រដល់កងទ័ពជួរមុខដែលកំពុងការពារព្រំដែន ពីការឈ្លានពានពីសំណាក់ប្រទេសជិតខាងផងដែរ។
សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមានចំនួន៧ចំណុច រួមមាន៖ ១. ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកប ដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង។ ៥. ដោះស្រាយវិវាទនៅ មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ៦. មានអនាម័យ មាន សោភណភាពល្អ និងបរិស្ថានល្អ។ ៧. ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកប ដោយប្រសិទ្ធភាព៕

