**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់

ការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត នៅតែជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការចូលរួមដោះស្រាយ

ភ្នំពេញ៖ នៅក្នុងការធ្វើបទអន្តរាគមន៍ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូល តែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក៏នៅជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការចូលរួមដោះស្រាយពីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិនិងអ្នកពាក់ព័ន្ធ នានា

ឯកឧត្តម សួស ប្រាថ្នា បានបន្តបញ្ហាប្រឈមទាំងនោះ រួមមាន៖ ១. ក្រសួង ស្ថាប័នមួយចំនួននៅមានភាពយឺតយ៉ាវក្នុងការរៀបចំកែសម្រួល ឬដាក់ចេញលិខិតបទដ្ឋានសម្រាប់គាំទ្រដល់ការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ។ គិតមកត្រឹមដើមឆ្នាំ២០២៦នេះ មានក្រសួងចំនួន៧ នៅមិនទាន់បានរៀបចំកែសម្រួល ឬដាក់ចេញសេចក្ដីណែនាំផ្នែកបច្ចេកទេសសម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញរបស់ខ្លួន ដែលបានធ្វើប្រតិភូកម្មជូនរដ្ឋបាលរាជធានី ខេត្តរួចហើយនៅឡើយរួមមាន៖ ១.ក្រសួងសុខាភិបាល ២.ក្រសួងព័ត៌មាន៣.ក្រសួងបរិស្ថាន ៤.ក្រសួងពាណិជ្ជកម្ម ៥.ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ៦.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៧.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ «ចំពោះប្រភេទសេវាមួយចំនួនពាក់ព័ន្ធនឹងការងារផលិតកម្ម និងបសុព្យាបាល»។ បញ្ហានេះនាំឱ្យការផ្ដល់សេវារដ្ឋបាល មួយចំនួននៅមានភាពស្មុគស្មាញ នីតិវិធីសាំញ៉ាំ មានតម្រូវការឯកសារភ្ជាប់ច្រើន និងមានការអនុវត្តដាច់ដោយឡែកពីគ្នានៅតាមបណ្ដារដ្ឋបាលរាជធានី ខេត្តនីមួយៗនៅទូទាំងប្រទេស។

២. ក្រសួង ស្ថាប័នមួយចំនួនបានរៀបចំឱ្យមានការស្នើសុំសេវាតាមប្រព័ន្ធព័ត៌មានវិទ្យា (Online) ប៉ុន្តែបានទាញយកសិទ្ធិក្នុងការពិនិត្យនិងសម្រេច និងចំណូលទាំងនោះមកថ្នាក់ក្រសួងវិញ ឬមិនអនុវត្តទៅតាមបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ បើទោះបីជាមុខងារទាំងនោះត្រូវបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយក៏ដោយ ដែលក្នុងនោះរួមមាន៖

‐ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ មានប្រភេទ សេវាមួយចំនួន បានរៀបចំឱ្យមានការស្នើសុំតាម ប្រព័ន្ធអនឡាញ ដែលរដ្ឋបាលរាជធានី ខេត្តមិនអាចគ្រប់គ្រងលើដំណើរការឯកសារស្នើសុំសេវាទាំងនោះ បាន ដោយសារតែ មន្ទីរជំនាញគឺជាអ្នកទទួលសេវាពីប្រជាពលរដ្ឋ ចាត់ចែងពិនិត្យផ្ដល់យោបល់ បច្ចេកទេស និងផ្ដល់លទ្ធផលសម្រេចជូនប្រជាពលរដ្ឋដោយខ្លួនឯងនៅមន្ទីរតែម្ដង។ជារៀងរាល់ខែ រដ្ឋបាល រាជធានី ខេត្តទទួលបានតែចំណូលដុលពីការផ្ដល់សេវាទាំងនោះ និងរបាយការណ៍ដែលត្រូវ ចូលទៅពិនិត្យ និងទាញយកក្នុងប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

‐ ក្រសួងសាធារណការ និងដឹកជញ្ជូន៖ រដ្ឋបាលថ្នាក់ក្រោមជាតិមានការលំបាកក្នុងការកត់ត្រាចំណូល បែងចែកចំណូល និងអនុវត្តកិច្ចបញ្ជិកាគណនេយ្យលើប្រភេទសេវាមួយចំនួនធំក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយសារតែប្រភេទសេវាទាំងនោះត្រូវអនុវត្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយត្រូវបង់កម្រៃសេវាតាមប្រព័ន្ធធនាគារ ឬភ្នាក់ងារផ្ដល់សេវាផ្ទេរប្រាក់។ បន្ទាប់មក ចំណូលទាំងអស់ត្រូវប្រមូលផ្ដុំនៅគណនីរួមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបក្រសួង ធ្វើការបែងចែកចំណូល និងបើកផ្ដល់ចំណែកប្រាក់រង្វាន់ជូនគ្រប់ភាគីពាក់ព័ន្ធវិញ ហើយការបែងចែកនេះក៏បានភាពយឺតយ៉ាវផងដែរ។

‐ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ បានរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទទួលការស្នើសុំសេវាតាមប្រព័ន្ធអនឡាញនៅក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងប្រភេទសេវាដែលពិនិត្យ សម្រេចដោយក្រសួង និងប្រភេទសេវាដែលត្រូវអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយសារតែប្រព័ន្ធ បច្ចេកវិទ្យារបស់ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រព័ន្ធរបស់ក្រសួងមហាផ្ទៃ នៅ មិនទាន់បានធ្វើសន្ធានកម្មទិន្នន័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពិនិត្យ សម្រេចលើការស្នើសុំសេវាគ្រប់សមត្ថកិច្ចតែម្ដង បើទោះបីមុខងារនោះបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយក៏ដោយ។ ពាក់ព័ន្ធនឹងករណីនេះ កាលពីចុងឆ្នាំ២០២៥ក្រុមការងារបច្ចេកទេសក្រសួងទាំងពីរបានជួបប្រជុំពិភាក្សាដោះស្រាយ និងឯកភាពគ្នាលើទិដ្ឋភាពបច្ចេកទេសសម្រាប់ការធ្វើសន្ធានកម្មទិន្នន័យ។

៣.ទន្ទឹមនឹងការរៀបចំឱ្យមានប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្ដល់សេវាតាមវិស័យ នីមួយៗរួចហើយក៏ដោយ ក្រសួងស្ថាប័នមួយចំនួន (ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) នៅមិនទាន់បានធ្វើសន្ធានកម្មទិន្នន័យជាមួយកម្មវិធីព័ត៌មានវិទ្យាដែលក្រសួងមហាផ្ទៃបានរៀបចំសម្រាប់គ្រប់គ្រង និងផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិដោយសារតែមានការបារម្ភថា អាចនឹងបាត់បង់ភាពជាម្ចាស់លើប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ក្រោយការធ្វើសន្ធានកម្មទិន្នន័យ ឬរដ្ឋបាលថ្នាក់ក្រោមជាតិនឹងមិនប្រើប្រព័ន្ធរបស់ខ្លួនក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ករណីនេះបានធ្វើឱ្យមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិមានការលំបាក និងភាពស្មុគស្មាញក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដោយសារតែគាត់ត្រូវប្រើប្រាស់ប្រព័ន្ធច្រើនក្នុងពេលតែមួយ។

៤. ការគាំទ្រផ្នែកបច្ចេកទេស និងទំនាក់ទំនងការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមរយៈប្រព័ន្ធតេឡេក្រាម ឬតាមរយៈប្រព័ន្ធទូរសព្ទ នៅមានភាពយឺតយ៉ាវ និងមិនទាន់ពេលវេលា ដែលនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានការលំបាកក្នុងការផ្ដល់ព័ត៌មានជាក់លាក់ជូនប្រជាពលរដ្ឋ ឬផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

៥. បញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការបំពេញការងាររបស់រដ្ឋបាលរាជធានី ខេត្ត ដែលក្នុងនោះរួមមាន៖
‐ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្តមួយចំនួនមិនទាន់យល់ស្វែងយល់ឱ្យបានស៊ីជម្រៅអំពីទស្សនទាន និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ព្រមទាំងធ្វើទំនើបកម្មដែលក្រសួង ស្ថាប័ន បានរៀបចំ និងដាក់ឱ្យអនុវត្ត ដែលជាហេតុធ្វើប្រសិទ្ធភាពនៃការគ្រប់គ្រង និងចាត់ចែងការងារផ្សេងៗពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលក្នុងដែនសមត្ថកិច្ចខ្លួននៅមានកម្រិត
‐ ថ្នាក់ដឹកនាំរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនពុំបានចូលរួមប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយឱ្យបានពេញលេញ ដែលជាហេតុធ្វើឱ្យមានការកកស្ទះឯកសារនៅក្នុងកម្មវិធីព័ត៌មានវិទ្យា ហើយប្រជាពលរដ្ឋមិនអាចតាមដានចរន្ដឯកសារដែលខ្លួនបានដាក់ពាក្យស្នើសុំ
‐ ទីតាំងអគារអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តមួយចំនួនស្ថិតនៅទីតាំងមិនសមស្រប តូចចង្អៀតនិងមិនមានការថែទាំឱ្យបានស្អាតបាតឱ្យបានស័ក្តិសមជា កន្លែងទទួលសេវាពីប្រជាពលរដ្ឋ
‐ រដ្ឋបាលរាជធានី ខេត្តមួយចំនួនមិនទាន់បានអនុវត្តកិច្ចបញ្ជិការគណនេយ្យ និងបែងចែកចំណូលដែលទទួលបានពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានពេញលេញ និងត្រឹមត្រូវ ស្របតាមការកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត ជាធរមាននៅឡើយ
‐ ការធ្វើបដិសណ្ឋារកិច្ចរបស់មន្ត្រីផ្ដល់សេវាមួយចំនួន (ទាំងមន្ត្រីផ្នែកជួរមុខ និង មន្ត្រីផ្នែកជួរក្រោយដែលជាមន្ត្រីជំនាញតាមវិស័យនីមួយៗ) នៅមានកម្រិត និងមិនបានអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីរាជការនាំឱ្យប្រជា ពលរដ្ឋមួយចំនួនមានការថ្នាំងថ្នាក់ និងខឹងសម្បារចំពោះអាកប្បកិរិយា និងឥរិយាបថមន្ត្រីមួយចំនួនតូច ដែលជារូបភាពមិនល្អអាចប៉ះពាល់ដល់ការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីផ្សេងៗ
‐ ការផ្សព្វផ្សាយព័ត៌មានអំពីការផ្តល់សេវារដ្ឋបាលនៅតាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់រដ្ឋបាល នៅមិនទាន់បានធ្វើឡើងឱ្យបានទូលំទូលាយមិនទាន់ចំក្រុមគោលដៅ និងមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយ។

បញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មមួយចំនួននៅមិនបានយល់ដឹងអំពីការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និង មិនបានមកស្នើសុំ ឬមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតឬអាជ្ញាបណ្ណសម្រាប់អាជីវកម្ម សេវាកម្មរបស់ខ្លួន។ ពេលខ្លះ ដោយសារតែការផ្សព្វផ្សាយរបស់យើង នៅមានកម្រិត នាំឱ្យមានការយល់ច្រឡំ ឬការចោទប្រកាន់ខុសពីការពិតមួយចំនួនមកលើរដ្ឋបាលថ្នាក់ក្រោមជាតិ នៅពេលរដ្ឋបាលថ្នាក់ក្រោមជាតិចេញសេចក្ដីណែនាំ ឬជំរុញឱ្យប្រជាពលរដ្ឋឱ្យមកស្នើសុំសេវាផ្សេងៗ។

ជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហាប្រឈមដូចបានគូសបញ្ជាក់ជូនខាងលើ ក្នុងគោលបំណងផ្តល់ការគាំទ្រ ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ស្របតាមការកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន អគ្គនាយកដ្ឋានរដ្ឋបាលបានកំណត់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦នេះ រួមមានដូចខាងក្រោម៖

១. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដើម្បីអនុវត្តការងារមួយចំនួន រួមមាន៖

‐ ប្រជុំពិភាក្សារៀបចំកែសម្រួលទំហំសេវា និងប្រភេទសេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗឱ្យស្របទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្ដែងនៃការវិវត្តផ្នែកសេដ្ឋកិច្ច-សង្គម និងភាពចាំបាច់ នៅតាមមូលដ្ឋាន
‐ រៀបចំកែសម្រួលរចនាសម្ព័ន្ធ បែបបទ នីតិវិធី និងដាក់ចេញសេចក្ដីណែនាំ បចេ្ចកទេសសម្រាប់ការផ្តល់សេវារដ្ឋបាល តាមវិស័យជំនាញនីមួយៗ ដើម្បីកាត់បន្ថយបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលដែលមានលក្ខណៈស្មុគស្មាញមកឱ្យមានលក្ខណៈកាន់តែសាមញ្ញ ងាយស្រួល និងអាចអនុវត្តដូចៗគ្នានៅទូទាំងប្រទេស‐ ជំរុញការធ្វើសន្ធានកម្មទិន្នន័យកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាតាមយ ន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្តល់សេវារបស់ក្រសួង ស្ថាប័នធានា បាននូវសិទ្ធិក្នុងការពិនិត្យ សម្រេច និងចំណូលដែល ទទួលបានពីការផ្ដល់សេវារដ្ឋបាលទាំងនោះ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះប្រភេទសេវារដ្ឋបាលដែលក្រសួង ស្ថាប័នបាន ផ្ទេរជូន រដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយ។

២. អគ្គនាយកដ្ឋានរដ្ឋបាលនឹងសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងរៀបចំឡើងវិញឱ្យបានច្បាស់លាស់នូវមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត សេចក្តីណែនាំ ស្តង់ដាបច្ចេកទេស និងនីតិវិធីអនុវត្តមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើស ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលើការផ្តល់សេវាបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

៣. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តសហការ និងស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍ ផ្នែក ឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីបន្តជំរុញការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យអនុវត្តតាមប្រព័ន្ធព័ត៌មានវិទ្យាឌីជីថល ជាពិសេសគឺការ រៀបចំឱ្យមានការស្នើសុំ និងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញលើគ្រប់ប្រភេទសេវារដ្ឋបាល ដែលត្រូវ អនុវត្តតាមយន្តការច្រកចេញចូលតែមួយ។

៤. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តសហការ ជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការសិក្សាលទ្ធភាពរៀបចំឱ្យមានមជ្ឈមណ្ឌលប្រមូលផ្ដុំការផ្ដល់សេវាតាមទីប្រជុំជន (PublicService mall) ស្របតាមការកំណត់ក្នុងផែនការអនុវត្តប្រាំឆ្នាំទី២ (ផអ៥ទី២) នៃកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០)។ មជ្ឈមណ្ឌល នេះនឹងប្រមូលផ្ដុំទាំងប្រភេទសេវាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងប្រភេទសេវាដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមកស្ថិតនៅទីតាំងតែមួយ ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជា-ពលរដ្ឋក្នុងការស្នើសុំនិងទទួលសេវាផ្សេងៗ។

៥. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តផ្ដល់ការគាំទ្រ រៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ រៀបចំក្រុមការងារជាក់លាក់ដើម្បីធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូល តែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងកៀរគរការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានអំពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយឱ្យបានកាន់ តែទូលំទូលាយតាមគ្រប់មធ្យោបាយ ចំក្រុមគោលដៅ និងមានប្រសិទ្ធ ភាពខ្ពស់។ ជារួមការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយមិនត្រឹមតែជាការបំពេញ ការងារ រដ្ឋបាល ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ បម្រើ ប្រជាពលរដ្ឋ ដោយស្មោះស្ម័គ្រ មានអាកប្បកិរិយានិងឥរិយាបថល្អប្រសើរ មានភាពរួសរាយ រាក់ទាក់ និងពន្យល់ដល់ប្រជាពលរដ្ឋ ដោយភាពអត់ធ្មត់ ទើបទទួលបានការគាំទ្រ និងការផ្ដល់ទំនុកចិត្ត ជឿជាក់ ពីសំណាក់ ប្រជាពលរដ្ឋ មកលើអាជ្ញាធរដោយប្រកាន់យកទិសស្លោក« សេវាល្អ បែបបទ នីតិវិធីសាមញ្ញ ងាយស្រួល មន្រ្តីបម្រើសេវា មានក្រមសីលធម៌ល្អ នាំឱ្យប្រជាពលរដ្ឋពេញចិត្ត»៕

អត្ថបទដែលជាប់ទាក់ទង