សម្ដេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់ ដែលបានវិនិយោគនៅកម្ពុជាឱ្យបានរីកចម្រើនទៅមុខបន្ថែមទៀត ជាមួយនឹងសុខសន្ដិភាព និងស្ថិរភាពដែលកម្ពុជាកំពុងមាន។
ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើង គ្រឿង បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ បានគិតគូរធ្វើយ៉ាងណាលើការលើកទឹកចិត្ត និងបន្ធូបន្ថយការលំបាក់ដល់ក្រុមហ៊ុន វិនិយោគិនដែលចង់ចូលមកវិនិយោគនៅកម្ពុជា តាមរយៈការសម្រួលនីតិវិធី កាត់បន្ថយលក្ខន្តិកៈនានា ដើម្បីធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួលដល់ការវិនិយោគ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលខិតខំដាក់ចេញនូវផែនការយុទ្ធ សាស្ត្រនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ព្រមទាំងវិស័យឯកជននានា ដើម្បីពលរដ្ឋមានលទ្ធភាព ទិញរថយន្តថ្មី ប្រកបដោយគុណភាពស្តង់ដាអន្តរជាតិ និងតម្លៃសមរម្យយកមកប្រើប្រាស់៕

