ឯកឧត្តម ចាន់ ស៊ីណាត ជួបប្រជុំពិភាក្សាការងារជាមួយ នាយកប្រតិបត្តិការ និងគ្រប់គ្រងហិរញ្ញវត្ថុនៃធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ននៅអាស៊ី AIIB

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលជួបប្រជុំពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធទឹកជាមួយ នឹងលោក Toshiaki Keicho នាយកប្រតិបត្តិការ និងគ្រប់គ្រងហិរញ្ញវត្ថុនៃធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ននៅអាស៊ី AIIB ដែលអញ្ជើញមកពីស្ថានស្នាក់ការកណ្តាលរបស់ AIIB HQ។
ការប្រជុំនេះបានធ្វើការផ្តោតទៅលើវឌ្ឍនៈភាពនៃការអនុវត្តគម្រោងរបស់ AIIB ក្នុងវិស័យទឹក រួមមានគម្រោង CAISAR និងគម្រោង IWRM ដែលនឹងធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកឲ្យធន់ទ្រាន់នឹងបម្រែបម្រួលអាកាសធាតុ ក្នុងពេលដែលភពផែនដីមានការឡើងកម្តៅខ្លាំង និងទទួលរងនូវការវាយប្រហារឥតឈប់ឥតឈរពីសំណាក់បាតុភូតធម្មជាតិនានា ។
ក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហប្រតិបត្តិការពីសំណាក់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ MEF បានធ្វើការអនុញាតឲ្យ AIIB, IFAD, FAO-UN, និងGCF អនុវត្តគម្រោង CAISAR និងគម្រោង IWRM ខាងលើនេះ ក្នុងបណ្តាខេត្តដូចខាងក្រោម ៖
១- ខេត្តពោធិ៍សាត់
២- ខេត្តកំពង់ឆ្នាំង
៣- ខេត្តកំពង់ស្ពឺ
៤- ខេត្តកណ្តាល
៥- ខេត្តបាត់ដំបង
៦- ខេត្តបន្ទាយមានជ័យ
៧- ខេត្ត ឧត្តរមានជ័យ
ជាចុងបញ្ចប់នៃពិធីជំនួបជាមួយនឹង ឯកឧត្តម ចាន់ ស៊ីណាត នាពេលនោះលោក Toshiaki Keicho បានសន្យាថាតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ MEF នឹងធ្វើការបង្កើនឡើងជាអតិបរិមាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក និងឧតុនិយម ជាមួយនឹងឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រី ក្រសួងធនធានទឹក និងឧតុនិយម ក្នុងរយៈពេលច្រើនជាង ១០ឆ្នាំទៅមុខទៀត៕

