សម្តេចតេជោ បញ្ជាឲ្យតប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គិសនី ជូនពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យឯកឧត្ដមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តប្រព័ន្ធទឹកស្អាតជូនពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ដែរចំណាយប្រមាណ ៣លានដុល្លារ និងណែនាំឱ្យអគ្គិសនីកម្ពុជារៀបចំតបណ្តាញអគ្គិសនី ចូលភូមិធម្មជាតិរុនតាឯក ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ កញ្ញា សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យចាក់កៅស៊ូផ្លូវចូល ទៅភូមិធម្មជាតិរុនតាឯក ។ សម្តេចតេជោក៏បានណែនាំ ឱ្យសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងភូមិធម្មជាតិរុនតាឯក ដែលមានប្រវែងសរុប ១៤០គីឡូម៉ែត្រ។ បច្ចុប្បន្នសាងសង់បាន ១៨គីឡូម៉ែត្រហើយ។
សម្តេចតេជោ បានណែនាំឱ្យបង្កើត សាលារៀនពីកម្រិតបឋម ដល់វិទ្យាល័យ នៅភូមិធម្មជាតិរុនតាឯក។ សម្តេច សម្រេចផ្តល់អគារសម្រាប់គ្រូស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់ នៅភូមិធម្មជាតិរុនតាឯក។ សម្តេច ណែនាំឱ្យសាងសង់ផ្សារ នៅភូមិធម្មជាតិរុនតាឯក។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចីជាមួយ អត្រាការប្រាក់ទាបជូនពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក ៕