ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ភ្នំពេញ៖ ក្រោយធ្វើការវិភាគមុខងារ និងឆ្លងកាត់កិច្ចប្រជុំជាច្រើនលើកច្រើនសាររួចមក ទៅលើការរៀបចំសេចក្តីព្រាង «អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី)» បានឈានមកដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ។
ទៅលើការរៀបចំក្នុងពេលនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាអ្នកដឹកនាំសម្របសម្រួលបានរៀបចំកិច្ចប្រជុំត្រីភាគីជាមួយ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យពិភាក្សាលម្អិតទៅលើទិដ្ឋភាពនៃខ្លឹមសាររួម មុខងារស្នូលនិងរងក្រសួង និងកំណត់ដោះស្រាយនូវបញ្ហាមួយចំនួនដែលមានការជាន់សមត្ថកិច្ចដឹកនាំគ្នា ដើម្បីឱ្យទទួលបានការយល់ស្របទស្សនៈគ្នា និងការឯកភាពគ្នា ស្ថិតក្នុងប្រព័ន្ធជវភាពតួអង្គតែមួយ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦៕

