យុទ្ធនាការបើកការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានមកដល់ខេត្តក្រចេះ ហើយ
ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នេះ មានខេត្តក្រុងសរុបចំនួន ២២ ហើយ ដែលទទួលបានការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ហើយខេត្តក្រចេះ គឺជាខេត្តទី២២ ដែលទទួលបានការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយនេះ។
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានថ្លែងឱ្យដឹងថា៖ ប.ស.ស. នឹងពង្រីកការចុះយុទ្ធនាការរបស់ខ្លួន ឱ្យបានគ្រប់ទូទាំង ២៥ រាជធានី-ខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ។
ឯកឧត្តមអគ្គនាយករង បានបន្តថា៖ យុទ្ធនាការផ្សព្វផ្សាយនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។
ឯកឧត្តមអគ្គនាយករង បានបន្ដទៀតថា៖ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ។
ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់។
ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត ៕