តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ

នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងទម្រង់ Arria-Formula ក្រោមប្រធានបទ «ការបំពេញចន្លោះខ្វះខាតក្នុងការអនុវត្តសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកទ្បើងថា សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ ទោះមានហេតុផលណាមួយយកមកធ្វើជាលេស។
ឯកឧត្ដម កែវ ឈា គូសបញ្ជាក់ថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ មានសារសំខាន់ ក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងការទប់ស្កាត់ ក៏ដូចជាកាត់បន្ថយភាពតានតឹងនៃជម្លោះ ដោយត្រូវតែអនុវត្តឱ្យបាន ពេញលេញ។
ឯកឧត្ដមសង្កត់ធ្ងន់ថា៖«ដូចគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអនុភាពគតិយុត្តិ មិនត្រូវរងការ រំលោភបំពាន ទោះក្រោមលេស ណាមួយក៏ដោយ»។
គួរជ្រាបថា កាលពីកន្លងទៅ ក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគីអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ តំណាងថៃ បានចោទប្រកាន់ទាំងទទឹងទិសថា កម្ពុជាមិនចាប់យកការចរចាទ្វេភាគី តែបែរជាធ្វើអន្តរជាតូបនីយកម្មនៃជម្លោះទ្វេភាគី។ យ៉ាងណា កម្ពុជាក៏បានឆ្លើយតបទៅវិញថា ថៃមិនបានធ្វើដូចអ្វីដែលខ្លួននិយាយទេ គឺមានលេសរាប់សិបជំពូក ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគី ក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា (ឬ MoU 2001) ហើយថែមទាំងលុបអនុស្សរណៈនេះចោលទៀត៕

