អភិបាលខេត្តត្បូងឃ្មុំ៖ ការអភិវឌ្ឍយុវជន គឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការអភិវឌ្ឍយុវជន គឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព។
នៅក្នុងឳកាសអញ្ជើញជាអធិបតីប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី២៣ ក្រោមប្រធានបទ ” សាមគ្គីភាពអន្តរជំនាន់ ” ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ការអភិវឌ្ឍយុវជន គឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព ពីព្រោះយុវជនគឺជាទំពាំងស្នងឬស្សី ដែលចាំបាច់ត្រូវមានការអភិវឌ្ឍទាំងកាយសម្បទា ចំណេះដឹង បញ្ញាស្មារតីដើម្បីក្លាយខ្លួនជាធនធាន មនុស្សប្រកបដោយគុណវុឌ្ឍ ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិឱ្យបានរុងរឿង ថ្កើងថ្កាន”។
ឯកឧត្ដមបន្ថែមថា ដូច្នេះយុវជនត្រូវតែមានមោទនភាពជាតិ និងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួន និងចូលរួមការងារសង្គមដោយចាប់ផ្តើមចេញពីខ្លួនឯងជាមុន។ ម៉្យាងទៀត យុវជនកម្ពុជា គឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិនៅពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្ដមបណ្ឌិត ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ចេះស្រលាញ់បរិស្ថាន និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើជាយុវជនគំរូ ជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពិសេសការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការការពារ និងការចាក់វ៉ាក់សាំងដុសបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕