សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះ មរណភាពឪពុកបង្កើតទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូន លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន និងលោកជំទាវ ចំពោះមរណភាពរបស់ មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់ លោកទេសរដ្ឋមន្ដ្រី។
តាមរយៈសារលិខិតចូលរួមរំលែកទុក្ខនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ខ្ញុំ និងភរិយាទើបទទួលដំណឹងដ៏ក្រៀមក្រំអំពីការទទួលមរណភាពរបស់មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម នាវេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ»។

