កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ លួចឆ្លងដែនដោយខុសច្បាប់
ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង លោកវរសេនីយ៍ត្រី យស សាមុត មេបញ្ជាការ ផ្នែកសឹករង ភ្នំព្រឹក នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ដ្រអង្គភាពទទួលខុសត្រូវ គឺដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗ ពិសេសការលួចនាំចូលនូវរថយន្តចង្កូតស្តាំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យបានដាច់ខាត។
លោកវរសេនីយ៍ត្រី យស សាមុត មេបញ្ជាការបានណែនាំដល់កងកម្លាំងទាំងអស់ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារដោយប្រុងប្រយ័ត្ន ចេះជួយគ្នាទៅវិញទៅមក រក្សាសាមគ្គីភាពផ្ទៃក្នុង ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីគឺ ៣ការពារ និង៣កុំផងដែរ៕