អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២២ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរង ក្រុងស្រុកទាំង៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។
ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម ថង សាវុន បានណែនាំដល់អង្គភាពជំនាញ ត្រូវបន្តចុះបញ្ជីដីអង្គភាពរបស់រដ្ឋ ដីរដ្ឋ ដីសម្បទានក្រុមហ៊ុនឯកជន និងត្រូវព្យាយាមដោះស្រាយទំនាស់នានាដែលកើតឡើងជាមួយប្រជាពលរដ្ឋ ព្រមទាំងជំរុញឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីដីរួច ត្រូវធ្វើការគ្រប់គ្រងថែរក្សាដីឲ្យបានត្រឹមត្រូវដោយខ្លួនឯង ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់មន្ទីររៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ អោយបន្តកិច្ចខិតខំប្រឹងប្រែងពន្លឿនការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ការផ្ដល់ប័ណ្ណកម្មសិទ្ឋិជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកម្មវិធីគោលនយោបាយកំណែទម្រង់ដីធ្លី ។ ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋាន និង ជំនាញពាក់ព័ន្ធ ត្រូវរួមសហការទប់ស្កាត់បង្ក្រាប បទល្មើសទន្ទ្រានកាន់កាប់ដី នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរឹងចំពោះជនដែលបានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់៕