មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ទេព ហន ជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងជំនួសលោក ផេង សិទ្ធី ដែលបានចូលនិវត្តន៍។
ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូអមដំណើរ, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, សាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ស្នងការ, មេបញ្ជាការ, លោក លោកសី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន, កងកម្លាំងប្រដាប់អាវុធ, លោក លោកស្រីមេឃុំ ចៅសង្កាត់, ស្មៀន ឃុំ សង្កាត់ និងលោក លោកស្រីជាភ្ញៀវកិត្តិយស។
មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា រដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការងារកំណែទម្រង់លើគ្រប់វិស័យដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលនិងសេវាសាធារណៈសំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់ និងការកែលម្អបរិយាកាសវិនិយោគនៅក្នុងខេត្ត។
ឯកឧត្តម សង្កត់ធ្ងន់ថា រដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បទល្មើសគ្រប់ប្រភេទ និងគ្រោះថ្នាក់សង្គមមានការថយចុះគួរឱ្យកត់សម្គាល់ដើមឆ្នាំ២០២៦នេះ។ការងារលើកកម្ពស់ការយល់ដឹងជាសាធារណៈ និង ការអនុវត្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានយកចិត្តទុកដាក់ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅទូលំទូលាយ តាមរយៈការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការផ្ដល់សេវាសាធារណៈ ការរៀបចំវេទិកាសាធារណៈ សកម្មភាពចុះមូលដ្ឋាន ដើម្បីក្តាប់បាននូវសំណូមពរ តម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ត្រួតពិនិត្យការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ការងារអត្រានុកូលដ្ឋាន ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារបញ្ជាក់នីត្យានុកូលកម្ម ព្រមទាំងបានដោះស្រាយបញ្ហាប្រឈម និងចំណុចថ្នាំងថ្នាក់មួយចំនួន។ចំពោះការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កន្លងមកកម្លាំងគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ហារបស់រាជរដ្ឋាភិបាល ដោយបានធ្វើការចុះបង្ក្រាប និងបិទសៀលតាមទីតាំងមួយចំនួន។ រហូតមកដល់ពេលនេះទីតាំងទាំងអស់ត្រូវបានគ្រប់គ្រងទាំងស្រុង និងផ្លាស់វេនគ្នាប្រចាំការជាប់ជាប្រចាំចៀសវាងមិនឱ្យមានការលួចបើកឡើងវិញលើទីតាំងដែលបានចុះបង្ក្រាបរួច។
លើសពីនេះទៀត សម្រាប់ភូមិសាស្ត្រខេត្តទាំងមូល គ្រប់អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានប្ដេជារួមគ្នាលុបបំបាត់ និងបន្តតាមដាន និងឈានដល់ការបង្ក្រាបគ្រប់ទីតាំងសង្ស័យនានា ធានាធ្វើយ៉ាងណាមិនឱ្យក្រុមឧក្រិដ្ឋជនដែលបែកសាចរត់ពីកន្លែងផ្សេង ចូលមកប្រព្រឹត្តបទល្មើសក្នុងខេត្តបាត់ដំបងជាដាច់ខាត។
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលពង្រឹងការគ្រប់គ្រង ការដឹកនាំកិច្ចការរដ្ឋបាល សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបន្តជំរុញការកសាងភាពធន់ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ឯកឧត្តម ប៊ុន ហ៊ុន បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលខេត្តបាត់ដំបងត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ខណៈសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈគឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ដូច្នេះរដ្ឋបាលខេត្តត្រូវបន្តការយកចិត្តទុកដាក់ គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការងារគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានដាច់ខាតជាពិសេសត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ការប្រមូលវិភាគព័ត៌មាន និងការវាយតម្លៃហានិភ័យចំពោះរាល់មុខសញ្ញានៃការគំរាមកំហែងដើម្បីដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់ ឆ្លើយតបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងដែលបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។
ឯកឧត្តម បានបន្តណែនាំដល់រដ្ឋបាលខេត្តត្រូវខិតខំស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនខុសច្បាប់តាមរយៈការបំផុសចលនានៅក្នុងសង្គមទាំងមូលឱ្យចូលរួមជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅក្នុងផែនការស្ដីពីការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីចូលរួមទប់ស្កាត់សកម្មភាពជួញដូរប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសកម្ពុជា និងកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋជនគ្រឿងញៀនមិនឱ្យប្រើប្រាស់ប្រទេសកម្ពុជា ជាគោលដៅនៃការផលិតកែច្នៃគ្រឿងញៀនខុសច្បាប់ដើម្បីចែកចាយទៅកន្លែងផ្សេងៗទៀត។ត្រូវខិតខំបង្ការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសការគ្រប់គ្រងសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងការអប់រំផ្សព្វផ្សាយចរាចរណ៍។
ឯកឧត្តម ណែនាំបន្ថែមឱ្យជំរុញនិងបំផុសឱ្យមានចលនាចូលរួមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនៅក្នុងភូមិសាស្រ្តរបស់ខ្លួនទាំងមូល ជាពិសេសការបង្ការ និងបង្រ្កាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង រក្សាអនាម័យបរិស្ថាន ពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕

