រដ្ឋមន្រ្តីការបរទេស៖ អាមេរិកនៅតែមានឆន្ទៈជានិច្ច ដើម្បីជួយសម្រុះសម្រួលរកទីបញ្ចប់ សម្រាប់សង្រ្គាមរវាងស្ស៉ីនិងអ៊ុយក្រែន

ឥណ្ឌា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយរុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើអ៊ុយក្រែន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ទីក្រុងវ៉ាស៉ីនតោននៅតែមានឆន្ទៈជានិច្ច ដើម្បីជួយសម្រុះសម្រួលរកទីបញ្ចប់ សម្រាប់សង្រ្គាមរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងទស្សនកិច្ចនៅប្រទេសឥណ្ឌា និងបន្ទាប់ពីជួបសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov លោក Rubio បានលើកឡើងដូច្នេះថា «រាល់ពេលដែលអ្នកឃើញការវាយប្រហារធំៗបែបនេះពីសំណាក់ភាគីម្ខាង ឬមួយក៏ភាគីម្ខាងទៀត វាគឺជាការក្រើនរំលឹកអំពីមូលហេតុដែលនេះ គឺជាសង្រ្គាមដ៏អាក្រក់មួយ ដែលឥឡូវបានបន្តអូសបន្លាយយូរជាងសង្រ្គាមលោកលើកទី២ទៅទៀត ហើយវាត្រូវតែឈានដល់ទីបញ្ចប់»។
លោក Rubio បាននិយាយថា «សហរដ្ឋអាមេរិក ត្រៀមលក្ខណៈជាស្រេច ក្នុងការធ្វើគ្រប់យ៉ាងតាមតែអាចទៅរួច ដើម្បីជួយជំរុញឱ្យឈានដល់ទីបញ្ចប់នៃសង្រ្គាមមួយនេះ ហើយសង្ឃឹមថា ឱកាសនឹងលេចឡើងដោយខ្លួនឯង នៅពេលណាមួយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ រុស្ស៉ីបាននិយាយថា ខ្លួនគ្រោងបើកការវាយប្រហារថែមទៀតលើទីក្រុងកៀវ ក្នុងនោះរួមមានទាំងមូលដ្ឋាននៃកន្លែងធ្វើការសម្រេចចិត្ត បន្ទាប់ពីបានបាញ់ដ្រូននិងមីស៉ីលលើអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងទៅ សម្លាប់មនុស្ស៤នាក់៕

