អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្ត ស្តីពីផ្សព្វផ្សាយជំរុញការប្រេីប្រាស់ស្រោមអនាម័យក្នុងខេត្តបន្ទាយមានជ័យឱ្យបាន១០០%

បន្ទាយមានជ័យ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្ត ស្តីពីផ្សព្វផ្សាយជំរុញការប្រេីប្រាស់ស្រោមអនាម័យក្នុងខេត្តបន្ទាយមានជ័យ ឱ្យបាន១០០% ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជេីញចូលរួមប្រតិភូអន្តរក្រសួង ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង មានការអញ្ជេីញចូលរួមលោក-លោកស្រី អ្នកពាក់ព័ន្ធ ធ្វេីឡេីងនៅសាលក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦។
ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេសឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលរៀបចំកិច្ចប្រជុំ នេះដេីម្បីជាធាតុចូលបន្ថែមទៀត ដេីម្បរួមគ្នាក្នុងចូលរួម ផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ទូទាំងប្រទេស ក៏ដូចជាសម្រាប់ខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការបង្ការ-គ្រប់គ្រងជំងឺឆ្លងដែលផ្តោតលើការងារអេដស៍ និងកាមរោគនោះបានបង្ហាញឱ្យឃើញថា អត្រាការឆ្លងមេរោគអេដស៍នៅប្រទេសកម្ពុជាមាន០,៥% ហើយការប៉ាន់ប្រមាណអ្នកផ្ទុកមេរោគអេដស៍នៅក្នុងខេត្តបន្ទាយមានជ័យ មានប្រមាណ៤.៨៧៣នាក់នៅឆ្នាំ២០២២។
ឯកឧត្ដម បន្តថា ក្រុមដែលប្រឈមមុខខ្ពស់ រួមមាន៖ ស្រ្តីបំរើសេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទ ដែលគ្រប់គ្រងដោយអង្គការរ៉ាក់ (RHAC) មានការអប់រំផ្តល់ប្រឹក្សានិងធ្វើតេស្តឈាម និងបញ្ជូនចូលសេវាព្យាបាលបានទាន់ពេលវេលាក្នុងករណីមានផ្ទុកមេរោគអេដស៍និងជំងឺស្វាយ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានថ្លែងការអរគុណចំពោះតួអង្គពាក់ព័ន្ធ ដែលបានរួមចំណែកផ្សព្វផ្សាយ និងវិធានការពារជំងឺអេដស៍ដល់ក្រុមដែលប្រឈមមុខខ្ពស់រួមមាន ស្រ្តីបំរើសេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទជាដេីម។
ឯកឧត្ដមជំរុញណែនាំដល់ខេត្តបន្ទាយមានជ័យ ក៏ដូចជាខេត្តរាជ-ធានីខេត្តទាំងអស់ ត្រូវពង្រឹងលេីការងារពហុវិស័យ ដោយត្រូវចាប់ផ្តេីមពីអាជ្ញាធរខេត្ត រហូតទៅដល់ឃុំ-សង្កាត់ ដែលមានប្រជាជនរស់នៅពិសេសអ្នកផ្ទុកមេរោគអេដស៍ ដេីម្បីធ្វេីការអប់រំណែនាំពួកគាត់។ ត្រូវអប់រំផ្សព្វផ្សាយការបង្ការការចម្លងមេរោគអេដស៍ និងកាមរោគ (ដោយការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ១០០%), សហការជិតស្និទ្ធជាមួយក្រុមការងារ អាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ និងសម្របសម្រួលដោះស្រាយរាល់ឧបសគ្គផ្សេងៗ, ជំរុញលើកទឹកចិត្តការធ្វើតេស្តឈាមដោយជោះចុងម្រាមដៃ និងការធ្វើតេស្តដោយខ្លួនឯងជាដេីម៕

