រាជរដ្ឋាភិបាលជួយចេញថ្លៃធ្វើដំណើរជូនប្រជាពលរដ្ឋប្រមាណ ៣លានដុល្លារ ក្នុងពេលចូលឆ្នាំថ្មី

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលជួយចេញថ្លៃធ្វើដំណើរជូនប្រជាពលរដ្ឋប្រមាណ ៣លានដុល្លារក្នុងពេលចូលឆ្នាំថ្មី។
ឯកឧត្ដមលើកឡើងថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ។ រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋចំនួនជិត ១២ ម៉ឺននាក់ បានទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃនេះ។ ចំនួននេះបានកើនឡើង ៣៩% ធៀបនឹងឆ្នាំកន្លងទៅ។
ឯកឧត្ដមបន្តថា ជាមធ្យម ពលរដ្ឋម្នាក់ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺនរៀល ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ដូច្នេះ ការប្រើប្រាស់រថយន្តក្រុងដោយឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារសហរដ្ឋអាម៉េរិក។ ទឹកប្រាក់នេះត្រូវបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានារបស់ប្រជាពលរដ្ឋនៅស្រុកកំណើត ជំនួសឱ្យការចំណាយទៅលើការធ្វើដំណើរដែលរដ្ឋជាអ្នកចេញជំនួស។
ឯកឧត្ដមអ្នកនាំពាក្យបញ្ជាក់ថា ដូច្នេះ វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាកាតាលីករជំរុញជួយលើកកម្ពស់ចំណូលរបស់ប្រជាពលរដ្ឋនៅឯមូលដ្ឋានទាំងមូល។ មកដល់ចំណុចនេះ បងប្អូនជនរួមជាតិបានយល់កាន់តែច្បាស់អំពីអត្ថន័យនៃប្រសាសន៍របស់ថ្នាក់ដឹកនាំនៃយើងដែលថា យើងមិនត្រូវបណ្តោយឱ្យបញ្ហាព្រំដែនធ្វើឱ្យរាំងស្ទះដល់វិស័យផ្សេងៗទៀតដែលជាចរន្តសង្គម-សេដ្ឋកិច្ចនោះឡើយ៕

