អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមិនបានភ្លេចឡើយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្នុសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ទន្ទឹមនឹងក្តីសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមិនបានភ្លេចឡើយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម ប៉ែន បូណាបន្តថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រៃលែង ក្នុងក្របខណ្ឌទូទាំងប្រទេសរយៈពេល៣ថ្ងៃតាមទំនៀមទម្លាប់ពីបុរាណ។ ដោយឡែក កម្មវិធីនគរសង្ក្រាន្តក្នុងរាជធានីភ្នំពេញ បានបន្តធ្វើរហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសានេះ។ គិតត្រឹមរយៈពេល៣ថ្ងៃ ពោលគឺពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរក្នុងស្រុក និងបរទេសសរុបប្រមាណជាជាង ២១លាននាក់ឯណោះបានដើរលេងកម្សាន្តតាមបណ្តារាជធានីខេត្តទូទាំងប្រទេស។
ឯកឧត្ដមអ្នកនាំពាក្យបន្ថែមថា សមរភូមិក្រោយនិងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ស្អិតរមួត តាមរយៈការចែករំលែកការសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខក៏ដូចជាការចែករំលែកអំណោយជាសម្ភារៈ ថវិកា និងមនោសញ្ចេតនានឹករលឹក ដល់វីរយុទ្ធជនជួរមុខ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ដូចដែលសម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី តែងតែបញ្ជាក់ម្តងហើយម្តងទៀតថា ថ្វីត្បិតតែយើងមានបញ្ហាព្រំដែន ប៉ុន្តែ យើងមិនត្រូវបណ្តោយឱ្យវិស័យផ្សេងទៀតជាប់គាំងលែងដំណើរការនោះឡើយ។ ផ្ទុយទៅវិញ កាន់តែឈឺ យើងកាន់តែខិតខំ និងប្រឹងប្រែងក្រោកឈរឡើងដើម្បីពង្រឹងខ្លួន រួមសាមគ្គីជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ដើម្បីជាតិខ្មែរខ្លាំងក្នុងការការពារបូរណភាពទឹកដី និងរួមគ្នាជ្រោងទង់មោទនភាពជាតិនៅលើឆាកអន្តរជាតិ។
ឯកឧត្ដមបានឱ្យដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈរហូតដល់ជាង ៩០០គ្រឿង លើផែនការរំពឹងទុកត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ។ ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា មានពលរដ្ឋ កម្មករ កម្មការិនី ប្រមាណជាជិត១២ ម៉ឺននាក់បានប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ទាំងទៅទាំងមក ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តទូទាំងប្រទេស និងក្នុងរាជធានីភ្នំពេញ។ អាចនិយាយបានថា រាជរដ្ឋាភិបាលជាអ្នកចេញសោហ៊ុយធ្វើដំណើរជូនប្រជាពលរដ្ឋទាំងជិត ១២ម៉ឺននាក់នោះដើម្បីសម្រួលបន្ទុកចំណាយរបស់ពួកគេ។
ឯកឧត្ដម ប៉ែន បូណា បានឱ្យដឹងទៀតថា ចំណែកពលរដ្ឋផ្សេងទៀត ដែលមិនប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ក៏ទទួលបានផលប្រយោជន៍ពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដែរ តាមរយៈការជួយចេញខាតលើតម្លៃប្រេងសាំងនិងម៉ាស៊ូត និងបញ្ចុះពន្ធអាករនាំចូលផ្សេងៗលើប្រេងឥន្ធនៈនិងរថយន្តអគ្គិសនី ដោយរដ្ឋជាអ្នកចេញខាតរាប់សិបលានដុល្លារក្នុងមួយខែៗ។ វិធានការអន្តរាគមន៍នេះ មិនត្រឹមតែអាចទប់កុំឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់បន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែ វាបានធ្លាក់ចុះវិញជាបន្តបន្ទាប់ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ បើទោះបីជាទីផ្សារប្រេងអន្តរជាតិនៅតែជួបប្រទះនឹងភាពច្របូកច្របល់យ៉ាងណាក៏ដោយ៕
