សម្ដេចធិបតី ជូនពរប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សូមប្រកបដោយសុខសុវត្ថិភាព

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី។
យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែមេសាបេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមជូនពរ លោកតា លោកយាយ អ៊ុំប្រុស អ៊ុំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»។
ព្រមជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏ផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់ ដែលកំពុងនៅបន្តឈរជើងប្រចាំការគ្រប់ទីតាំង ក៏ដូចជា បេសកកម្មរបស់ខ្លួនគ្រប់កន្លែង រួមទាំង បងប្អូន អ៊ំពូមីង តាយាយ ដែលជាជនភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន សូមសមប្រកបដោយសេចក្តីសុខ សុវត្ថិភាព សុខភាពល្អប្រសើរ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡើយ។
សូមរំលឹកថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ ដើម្បីទទួលស្វាគមន៍ការចូលមកដល់ឆ្នាំថ្មី ស្របតាមប្រពៃណីជាតិ។ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦៕

