លោក JD Vance ចាត់ទុកថាមានការជ្រៀតជ្រែកដោយសហភាពអឺរ៉ុប ក្នុងការបោះឆ្នោតរបស់ហុងគ្រី

ប៊ុយដាប៉ែស៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចាត់ទុកថាមានការជ្រៀតជ្រែកដោយសហភាពអឺរ៉ុប (EU) ក្នុងការបោះឆ្នោតរបស់ហុងគ្រី បើទោះបីជារូបលោកផ្ទាល់ បានទៅបង្ហាញការគាំទ្រនាយករដ្ឋមន្ត្រី Viktor Orban មុនថ្ងៃបោះឆ្នោតសកលនៃប្រទេសនេះ ចូលមកដល់ក៏ដោយ។
លោក Vance ទៅដល់ទីក្រុង Budapest មុនការបោះឆ្នោតសកលថ្ងៃអាទិត្យ ទី១២ ខែមេសា ដែលការស្ទង់មតិជាសាធារណៈបង្ហាញថា លោក Orban ទំនងជានឹងចាញ់។ នេះជាដំណើរ ទស្សនកិច្ច និងជាការបង្ហាញ ដ៏ កម្រ ដោយ មន្ត្រី អាមេរិក ដែលកំពុង គូសបញ្ជាក់ ពី របៀប ដែល លោក ត្រាំ គិតចំពោះ លោក Orban។ វាក៏បានបំបែកលំនាំនៃរដ្ឋបាលអាមេរិកមុន ដែលមិនបើកចំហការគាំទ្រចំពោះបោះឆ្នោតរបស់ប្រទេសដទៃ ជាពិសេសសម្រាប់រដ្ឋាភិបាលដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី។
នៅឯសន្និសីទសារព័ត៌មាន លោក Vance បាននិយាយថា «អ្វី ដែល កើត ឡើង ក្នុង យុទ្ធការ ឃោសនា គឺ ជា ឧទាហរណ៍ អាក្រក់ មួយ នៃរបៀបជ្រៀត ជ្រែក ក្នុងការ បោះឆ្នោត ពីសំណាក់បរទេស ដែល ខ្ញុំ មិន ធ្លាប់ ឃើញ ឬ បាន ដឹង។ អំណាចរបស់ទីក្រុងព្រុចសែល កំពុងបំផ្លាញសេដ្ឋកិច្ចហុងគ្រី តាមរយៈការធ្វើឱ្យហុងគ្រី មិនសូវមានឯករាជ្យលើវិស័យថាមពល។ ពួកគេ (EU) ព្យាយាមធ្វើឱ្យអ្នកប្រើប្រាស់នៅហុងគ្រី ចំណាយច្រើន ហើយទាំងអស់ក៏ព្រោះតែគេស្អប់ លោក Orban»។
ចាប់តាំងពី មានការឈ្លានពានលើ អ៊ុយក្រែន EU បាន កាត់បន្ថយ ការ ប្រើប្រាស់ ប្រេង និង ឧស្ម័ន របស់ រុស្ស៉ី ហើយ ទីក្រុង Budapest ព្យាយាមទប់ទល់នឹងចំណាត់ការនេះ យ៉ាង ខ្លាំង។ មន្រ្តី EU ក៏ធ្លាប់និយាយពាក់ព័ន្ធការបោះឆ្នោតដែរ ថាវាគឺជាជម្រើសរបស់ពលរដ្ឋហុងគ្រី៕

