ឯកឧត្តម សួស ប្រាថ្នា អញ្ជើញជាអធិបតីក្នុងកម្មវិធីបុណ្យផ្កា និងតាំងពិព័រណ៍ស្នាដៃសិស្សនៅអនុវិទ្យាល័យខ្នាចរមាស ខេត្តបាត់ដំបង

បាត់ដំបង៖ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នាចរមាស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបុណ្យផ្កា និងតាំងពិព័រណ៍ស្នាដៃសិស្សនៅអនុវិទ្យាល័យខ្នាចរមាស ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុក និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នាចរមាស ព្រមទាំងប្រធានអង្គភាពលទ្ធកម្ម និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នាចរមាស។
ឯកឧត្តម សួស ប្រាថ្នា បានថ្លែងថា នេះជាមោទនភាពដែលប្អូនៗសមាជិកក្លឹបបច្ចេកវិទ្យាអាចយកស្នាដៃហ្គេមអប់រំ នៃកម្មវិធីអប់រំបង្កើតហ្គេម (GCC) និងកម្មវិធីទូរសព្ទដៃ (Mobile App) មកតាំងបង្ហាញយ៉ាងក្លាហាន ដើម្បីត្រៀមប្រកួតក្នុងកម្មវិធី Technovation Girls Cambodia x Future Digital Talents។ ស្នាដៃទាំងនេះសបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីអប់រំឌីជីថលក្រៅម៉ោងសិក្សាពិតជាបានចូលរួមចំណែកប្រែក្លាយយុវជនកម្ពុជាពី “អ្នកប្រើប្រាស់” ទៅជា “អ្នកបង្កើត” បច្ចេកវិទ្យា និងរកដំណោះស្រាយដើម្បីជួយសហគមន៍ពិតប្រាកដ។
ទន្ទឹមនឹងនេះ ឯកឧត្តម សួស ប្រាថ្នា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូដឹកនាំ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តក្នុងការបង្ហាត់បង្រៀន និងជួយប្រែក្លាយក្ដីស្រមៃរបស់ក្មេងៗឱ្យក្លាយជាការពិត។ ចំពោះប្អូនៗសិស្សានុសិស្ស សូមបន្តរក្សាឆន្ទៈមោះមុត ភាពក្លាហាន និងបន្តបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីរៀនសូត្រ បោះជំហានទៅមុខ និងក្លាយជាយុវជនឌីជីថលដ៏ឆ្នើមនាពេលអនាគត៕

