មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូការិយាល័យគណៈកម្មាធិការគ្រប់គ្រង និងជំរុញវិនិយោគទ្បាវ

ភ្នំពេញ៖ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យគណៈកម្មាធិការគ្រប់គ្រង និងជំរុញវិនិយោគទ្បាវ (IPO) ។ ជំនួបនេះបានរៀបចំឡើងនាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្ដម ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និង បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបពីសាវតា និងរចនាសម្ព័ន្ធរបស់ ក.អ.ក. និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
បន្ថែមពីនេះ ឯកឧត្ដម លឹម វិសាល អគ្គលេខាធិការរង គ.វ.ក. បានធ្វើបទបង្ហាញស្តីពីច្បាប់ស្តីពីវិនិយោគ, របបនៃការលើកទឹកចិត្តវិនិយោគ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ។
ទន្ទឹមគ្នានេះឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គ.វ.ក. ថែមទាំងបានធ្វើបទបង្ហាញស្តីពីដំណើរការនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជននៃបណ្តាប្រទេសមួយចំនួន ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលកិច្ចការនេះជាផ្នែកដ៏សំខាន់មួយក្នុងការថែទាំវិនិយោគ។
លោក Vanthana Nolintha អគ្គនាយកគណៈកម្មាធិការគ្រប់គ្រង និងជំរុញវិនិយោគទ្បាវ ដែលបានដឹកគណៈប្រតិភូឡាវ បានបានថ្លែងអំណរគុណ ចំបោះលោកអគ្គលេខាធិការ និងសហការីដែលបានចំណាយពេលវេលាទទួលស្វាគមន៍ និងបានជម្រាបជូនគណៈប្រតិភូយ៉ាងលម្អិតពីវិសាលភាពការងាររបស់ គ.វ.ក. ពិសេស ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ និងយន្តការថែទាំវិនិយោគ ដែលបានផ្តល់នូវធាតុចូលល្អៗក្នុងការលើកកម្ពស់ការអនុវត្តការងារប្រចាំថ្ងៃរបស់ IPO ដែលស្ថាប័ននេះទើបតែត្រូវបានបង្កើតឡើងដើម្បីជំរុញទាក់ទាញវិនិយោគឯកជន បន្ទាប់ពីមានការកែសម្រួលរចនាសម្ព័ន្ធក្រសួង ស្ថាប័នឡាវ។
លោក Vanthana Nolintha បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងឧត្តមានុវត្តន៍របស់ គ.វ.ក. ដែលបានចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។
បន្ថែមពីនេះ លោក Vanthana Nolintha បានអញ្ជើញឯកឧត្ដម ជា វុទ្ធី និងសហការី ទៅទស្សនកិច្ចនៅប្រទេសឡាវដើម្បីផ្លាស់ប្តូរព័ត៌មានថ្មីៗ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង គ.វ.ក. និង IPO ក៏ដូចជាជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

