សម្តេចធិបតី សូមអនុមោទនាខួបលើកទី៥៧ឆ្នាំ នៃថ្ងៃបុណ្យឆ្លងការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមសូមអនុមោទនាខួបលើកទី៥៧ឆ្នាំ នៃថ្ងៃបុណ្យឆ្លងការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក (១ មេសា ១៩៦៩ – ១ មេសា ២០២៦)។
គម្ពីរព្រះត្រៃបិដកខ្មែរ គឺជាឃ្លាំងចំណេះដឹងដ៏វិសេសវិសាលបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលមិនត្រឹមតែបង្កប់នូវទស្សនវិជ្ជាជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះនៃអក្សរសាស្ត្រ និងវប្បធម៌ខ្មែរយ៉ាងរឹងមាំផងដែរ។
គម្ពីរព្រះត្រៃបិដក គឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនា ទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង ៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់ ដឹង ជាព្រះសម្ពោធិញ្ញាណ រហូតដល់ព្រះអង្គបានចូលបរិនិព្វាន៕

