តម្លៃលក់រាយប្រេងសាំងជាមធ្យម នៅសហរដ្ឋអាមេរិក បានឡើងដល់ ៤ដុល្លារក្នុងមួយហ្គាឡុង ខណៈសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ធ្វើឱ្យទីផ្សារថាមពលពិភពលោកកាន់តែរងគ្រោះ

New York៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ ២០២៦ ទិន្នន័យពីសេវាកម្មតាមដានតម្លៃថាមពល GasBuddy បង្ហាញថាតម្លៃលក់រាយប្រេងសាំងជាមធ្យម នៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឡើងដល់ ៤ដុល្លារក្នុងមួយហ្គាឡុង (ជិត ៤លីត្រ) ខណៈសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ធ្វើឱ្យទីផ្សារថាមពលពិភពលោកកាន់តែរងគ្រោះ។
នេះគឺជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំ ដែលប្រេងសាំងលក់រាយមានតម្លៃ ៤ដុល្លារក្នុងមួយហ្គាឡុង។ ទំនិញជាច្រើនប្រភេទនៅក្នុងសហរដ្ឋអាមេរិក ក៏កំពុងឡើងថ្លៃផងដែរ រួមទាំងប្រេងដែលប្រើសម្រាប់ផលិតសាំង បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដោយអ៉ីរ៉ង់ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក។
គិតចាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារអ៉ីរ៉ង់នាចុងខែកុម្ភៈ តម្លៃប្រេងសាំងលក់រាយជាមធ្យមនៅអាមេរិក បានកើនឡើង ៣៦ភាគរយ។ តម្លៃប្រេងសាំងខ្ពស់ធ្វើឱ្យពលរដ្ឋអាមេរិកចាយវាយច្រើន៕

