អ្នកការទូតកំពូលអ៊ុយក្រែន៖ ការដឹកជញ្ជូនដ្រូនទំនើបផលិតនៅរុស្ស៉ីទៅកាន់អ៉ីរ៉ង់ គួរតែជាហេតុផលដែលធ្វើឱ្យទីតាំងផលិតដ្រូនរុស្ស៉ី ក្លាយជាគោលដៅយោធាស្របច្បាប់

កៀវ៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ អ្នកការទូតកំពូលអ៊ុយក្រែន បាននិយាយថា ការដឹកជញ្ជូនដ្រូនទំនើបផលិតនៅរុស្ស៉ីទៅកាន់អ៉ីរ៉ង់ គួរតែជាហេតុផលដែលធ្វើឱ្យទីតាំងផលិតដ្រូនរុស្ស៉ី ក្លាយជាគោលដៅយោធាស្របច្បាប់ ហើយមហាអំណាចលោកខាងលិច អាចបំពាក់អាវុធមានសមត្ថភាពខ្ពស់ដល់អ៊ុយក្រែន ដើម្បីវាយប្រហារទីតាំងទាំងនោះ។
លោក Andriy Melnyk អ្នកតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា ការគាំទ្ររបស់រុស្ស៉ីចំពោះទីក្រុងតេហេរ៉ង់ តាមរយៈទំនើបកម្មដ្រូន Shahed ដែលរចនាឡើងដំបូងដោយអ៉ីរ៉ង់ និងសម្ភារផ្នែកយោធាផ្សេងទៀត មានន័យថាឥឡូវនេះ មូស្គូគឺជាអ្នកសមគំនិតជាមួយតេហេរ៉ង់។
លោកបានប្រាប់សម័យប្រជុំពិសេសស្តីពីអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខ UN យ៉ាងដូច្នេះថា «សង្រ្គាមអ៉ីរ៉ង់ មានពាក់ព័ន្ធដោយការលូកដៃ និងគោលដៅចក្រពត្តិនិយមរបស់វិមានក្រឹមឡាំង»។
តាមលោក Melnyk ការដឹកជញ្ជូនដ្រូនទំនើប Shahed ពីរុស្ស៉ីទៅអ៉ីរ៉ង់ ដោយប្រើប្រាស់អាជ្ញាប័ណ្ណស្របច្បាប់ បានកើនឡើងមិនធ្លាប់មានពីមុនមក ដែលនឹងអនុញ្ញាតឱ្យអ៉ីរ៉ង់ វាយប្រហារបណ្តាប្រទេសឈូងសមុទ្រ និងកងកម្លាំងអាមេរិកក្នុងតំបន់សម្រាប់រយៈពេលយូរ បង្កអស្ថិរភាព និងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក៕

