គុយបាត្រៀមលក្ខណៈជាស្រេចដើម្បីការពារខ្លួន ក្នុងករណីមានការវាយប្រហារពីអាមេរិក

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់គុយបា បាននិយាយថាប្រទេសរបស់លោកបានត្រៀមលក្ខណៈជាស្រេចដើម្បីការពារខ្លួន ក្នុងករណីមានការវាយប្រហារពីសហរដ្ឋអាមេរិក ប៉ុន្តែទទូចថា គុយបាមិនមានជម្លោះអ្វីជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ និងត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចា។
ការកត់សម្គាល់របស់អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក NBC ដែលត្រូវបានចេញផ្សាយកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។
លោក de Cossio បានគូសបញ្ជាក់ដូច្នេះថា «យោធារបស់យើងតែងតែត្រៀមលក្ខណៈជានិច្ច…ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានដោយយោធាណាមួយ»។
តែទោះជាបែបនេះក្ដី លោកបន្ថែមថាគុយបាក៏មិនចង់ឱ្យជម្លោះប្រដាប់អាវុធផ្ទុះឡើងនោះដែរ ហើយម្យ៉ាងគុយបាមិនមានជម្លោះអ្វីជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ។ «យើងចាំបាច់ និងមានសិទ្ធិដើម្បីការពារខ្លួនឯង តែយើងក៏មានឆន្ទៈអង្គុយចុះដើម្បីចរចាផងដែរ»។ នេះជាការបន្ថែមរបស់លោក de Cossio។
គួរបញ្ជាក់ថា គុយបា និងសហរដ្ឋអាមេរិកបើកកិច្ចចរចាកាលពីដើមខែមីនានេះ ខណៈការបិទខ្ទប់ប្រេងរបស់លោក ដូណាល់ ត្រាំ កំពុងរុញច្រានឱ្យគុយបាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងថាមពល កាន់តែជ្រៅរហូតដល់គ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់៕
