ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាសមាជិកពេញសិទ្ធិ នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា(ក.ជ.ប.អ.) អញ្ជើញចូលរួមប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) នៅទីស្ដីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) វិស័យឯកជន តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយ ធ្វើដំណើរជាលក្ខណៈបណ្តោះអាសន្នរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលកំពុងអនុវត្ត ក្នុងអំឡុងពេល វិបត្តិប្រេងឥន្ធនៈជាសកល៕

