គណៈកម្មការទី៨ព្រឹទ្ធសភា បើកកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ពិនិត្យលើវឌ្ឍនភាពរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣

ភ្នំពេញ៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពិនិត្យលើវឌ្ឍនភាពរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង(UNHLM-TB) ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ។
ពិធីខាងលើនេះមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាយកប្រតិបត្តិអង្គការខាណា និងជានាយកគ្រប់គ្រងគម្រោងខំមីត តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ(USAIDD) ប្រចាំកម្ពុជា និងបងប្អូនតំណាងឱ្យអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង។

កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖
១-ស្វែងយល់ ពិនិត្យមើល និងពិភាក្សាអំពីវឌ្ឍនភាពរបស់កម្ពុជា ដោយរាប់បញ្ចូលទាំងការស្វែងរកករណីរបេងគ្រប់ទម្រង់ របេងស៊ាំថ្នាក់ របេងកុមារ ការព្យាបាលជំងឺរបេងបង្ការ(TPT) និងតម្រូវការធនធាន សម្រាប់អនុវត្តសេចក្តីប្រកាសនយោបាយ ស្តីពីរបេងនៅឆ្នាំ២០១៨។
២-កៀរគរការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ នៅកម្រិតថ្នាក់ជាតិ រួមមានសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អ្នកសិល្បៈករ សិល្បៈការិនី អ្នកព័ត៌មាន អង្គការសង្គមស៊ីវិល បណ្ដាញសហគមន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមចំណែក និងគាំទ្រលើការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង(UNHLM-TB) ឆ្នាំ២០២៣។

៣-ផ្តល់នូវអនុសាសន៍ និងសំណូមពរដើម្បីធ្វើឱ្យប្រាកដថា គោលដៅទាំងឡាយរបស់ប្រទេសអាចឈានទៅសម្រេចបាន និងរាយការណ៍ក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង(UNHLM-TB) ឆ្នាំ២០២៣។
កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិនេះ ប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ផ្តោតលើប្រធានបទសំខាន់ៗចំនួន០៥៖ ទី១-ព័ត៌មានគន្លឹះសំខាន់ៗនៃគោលដៅរបស់ប្រទេសកម្ពុជាពីឆ្នាំ២០១៨ ដល់២០២១ឬ២០២២
ទី២-តើយើងអាចពន្លឿនការឆ្លើយតបយ៉ាងដូចម្តេច ដើម្បីបំពេញនូវចន្លោះប្រហោងនៃគោលដៅរបស់ប្រទេសកម្ពុជា (ដោយពិនិត្យលើគោលដៅជាក់លាក់)
ទី៣-ការពិភាក្សាពេញអង្គលើប្រធានបទ ការប្តេជ្ញាចិត្តផ្នែកនយោបាយ និងភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបជំងឺរបេង
ទី៤-ការពិភាក្សាពេញអង្គលើប្រធានបទ ហេតុអ្វីបានជាយើងត្រូវវិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតបញ្ចប់ជំងឺរបេងត្រឹមឆ្នាំ២០៣០ និងប្រធានបទ
ទី៥-ការពិភាក្សាពេញអង្គលើប្រធានបទ ក្របខណ្ឌគណនេយ្យ ភាពពហុវិស័យ សម្រាប់ឆ្លើយតបជំងឺរបេង៕

