ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បើកកិច្ចប្រជុំជជែកពីសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកំពុងធ្វើឱ្យប្រេងហក់ឡើងថ្លៃខ្ពស់

ម៉ានីល៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សង្រ្គាមដែលកំពុងរីកដាលនៅក្នុងតំបន់មជ្ឈិមបូព៌ាត្រូវបានរំពឹងថានឹងគ្របដណ្ដប់លើកិច្ចពិភាក្សានៅឯកិច្ចប្រជុំចង្អៀតរបស់ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ខណៈក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានក៏នឹងបើកកិច្ចប្រជុំតាមអនឡាញផងដែរក្នុងថ្ងៃតែមួយ ដើម្បីជជែកពីសង្រ្គាមនេះដែលកំពុងធ្វើឱ្យប្រេងហក់ឡើងថ្លៃខ្ពស់។
ហ្វីលីពីនដែលក្នុងឆ្នាំនេះជាប្រធានអាស៊ាន កំពុងដឹកនាំកិច្ចប្រជុំជាច្រើន ខណៈក្រុមមន្ត្រីរបស់ខ្លួនកំពុងវាយតម្លៃលើផលប៉ះពាល់ និងលំហូរពាណិជ្ជកម្មនៅទូទាំងតំបន់ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើ ការនាំចេញ។
សូមបញ្ជាក់ថា ការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់អស់រយៈពេលជាង២សប្ដាហ៍មកនេះ បានសម្លាប់មនុស្សយ៉ាងហោច ២០០០នាក់ និងធ្វើឱ្យទីផ្សារថាមពល និងការដឹកជញ្ជូនរបស់ពិភពលោកចលាចល៕

