ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចែករំលែកគុណប្រយោជន៍នៃការកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់លើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីសមោសរនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅភ្នំពេញ ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចែករំលែកពីស្ថានភាព និងផលមួយចំនួននៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលនឹងជួយលើកកម្ពស់ដល់ ដំណើរការនៃការធ្វើធុរកិច្ចនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងបន្តកែទម្រង់របស់កម្ពុជា កំពុងប្រព្រឹត្តទៅ នៅក្នុងបរិបទសកល ដែលពោរពេញដោយការប្រឈម និងស្ថានភាពមិនច្បាស់លាស់ ដូចជាជម្លោះប្រដាប់អាវុធ ភាពតានតឹងភូមិសាស្ត្រនយោបាយ កំណើនសេដ្ឋកិច្ចសកលដែលថយចុះ និងសម្ពាធលើ កិច្ចសហប្រតិបត្តិការ ពហុភាគីជាដើម។
ឯកឧត្តមបានមានប្រសាសន៍ថា កត្តាទាំងនេះបានបង្កើតភាពមិនប្រាកដប្រជាជាសកល ហើយក៏កាន់តែបានជំរុញឱ្យប្រទេសជាច្រើនអនុវត្តការកែទម្រង់ផ្ទៃក្នុង ដើម្បីពង្រឹងសមត្ថភាពទប់ទល់ និងភាពរឹងមាំរបស់ខ្លួនផងដែរ។
ក្នុងន័យនេះ កម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀត ក៏កំពុងត្រៀមខ្លួន និងខិតខំពង្រឹងសមត្ថភាព ប្រកួតប្រជែង របស់ខ្លួន នៅកម្រិតតំបន់ និងសកល ហើយការកែទម្រង់អភិបាលកិច្ចកម្ពុជា គឺស្ថិតនៅចំកណ្ដាលនៃយុទ្ធសាស្ត្រជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជាការកែទម្រង់រដ្ឋបាលសាធារណៈត្រូវបានអនុវត្តតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកហើយក៏ពិតមែន រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានពង្រឹង និងលើកកម្ពស់ ការកែទម្រង់ជាគោលដៅអាទិភាពជា Whole of Government Approach។ ដើម្បីជំរុញ របៀបវារៈនៃការទម្រង់ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ដោយមាន ក្រសួងមុខងារសាធារណៈជាលេខាធិការដ្ឋាន ដើម្បីអនុវត្តវិធានការ គន្លឹះសំខាន់ៗចំនួន៣។
ក្នុងវិធានការគន្លឹះទី១ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការពង្រឹង និងកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីកន្លងមក ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ កំពុងអនុវត្តមុខងាររបស់ខ្លួន ដោយមន្ត្រីដែលមានសមត្ថភាពខ្ពស់ ហើយនេះជាការ ផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដោយផ្ទាល់ដល់វិនិយោគិន។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបានអនុវត្តការពិនិត្យឡើងវិញ រចនាសម្ព័ន្ធ និងការវិភាគមុខងារក្រសួង ស្ថាប័ន គ្រប់ក្រសួង និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីលុបបំបាត់ ការអនុវត្តការងារត្រួតជាន់មុខងារគ្នា កាត់បន្ថយឧបសគ្គ ឬរបាំងរដ្ឋបាល និងជំរុញឌីជីថលភាវូបនីយកម្ម នៃសេវាសាធារណៈឱ្យកាន់តែខ្លាំង។
ដោយឡែក វិធានការគន្លឹះទី៣ គឺការអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្ម ក៏ត្រូវបានរៀបចំឡើងឱ្យសមស្រប មានសមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីលើកកម្ពស់ ការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ទាំងនេះ មិនទាន់រាប់បញ្ចូលទាំងកម្មវិធីផ្សេងៗ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រី ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងមន្ត្រី និងអភិវឌ្ឍវិស័យមុខងារសាធារណៈទៅអនាគត។
តាមរយៈការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ឯកឧត្តម បានមានប្រសាសន៍ថា កម្ពុជាកំពុងវិវឌ្ឍខ្លួន ជាច្រកទ្វារ ពាណិជ្ជកម្មដែលមានល្បឿនលឿន និងមានប្រសិទ្ធភាពខ្ពស់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់ ដោយកាត់ ប្រព័ន្ធ ការងារ បែបបុរាណ ឬប្រព័ន្ធដោយឡែកៗ ហើយពង្រឹងការសម្របសម្រួលរវាងស្ថាប័នរដ្ឋ ក្នុងជវភាព នៃប្រព័ន្ធតួអង្គតែមួយ។ ក្នុងនោះ ជាលទ្ធផលគឺ «កាត់បន្ថយការចំណាយ» ហើយ «បង្កើនភាពងាយស្រួល» ក្នុងការធ្វើអាជីវកម្មនៅកម្ពុជា។ ឯកឧត្តម បានបន្ថែម៕

