ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងដើរតាមផ្លូវ ប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ គឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋ ជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ របស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោត ហើយប្រជាពលរដ្ឋ ទូទាំងប្រទេសប្រមាណជាង ៨០% បានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាសក្ខីភាពបង្ហាញថា កម្ពុជាកំពុងដើរតាមផ្លូវ ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលគឺឈរលើបុព្វហេតុជាតិ និងប្រជាជន ជាកត្តាអាទិភាពខ្ពស់បំផុត ដូចដែលមានស្តែងឡើងតាមរយៈស្នាដៃប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍ការចូលរួមចំណែក ការពារដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងការចូលរួមស្តារ កសាង និងអភិវឌ្ឍជាតិ ទាំងក្នុងដំណាក់កាលដ៏លំបាកបំផុត ក៏ដូចជាដំណាកកាលសុខសន្តិភាព ដូចពេលបច្ចុប្បន្ន។
ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមថា ជាពិសេស លទ្ធផល ក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ បានបន្តផ្តល់ជំនឿទុកចិត្ត និងការគោរពស្រឡាញ់គាំទ្រចំពោះ សម្តេចតេជោ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តភារកិច្ចដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងការរីកចម្រើនទៅមុខទៀត ៕