កម្ពុជា-ព័រទុយហ្កាល់ នឹងរួមគ្នាអបអរសាទរខួប លើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ខាងមុខ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជំនួបសម្តែងការគួរសមរបស់ លោកជំទាវ Ana Isabel Xavier រដ្ឋលេខាធិការ នៃក្រសួងការបរទេស ព័រទុយហ្កាល់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយដែលបានទទួលជួបលោកជំទាវ និងបានកោតសរសើរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
ក្នុងឆ្នាំ២០២៧ខាងមុខ កម្ពុជា-ព័រទុយហ្កាល់ នឹងរួមគ្នាអបអរសាទរខួប លើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងន័យនេះ កម្ពុជារំពឹងថានឹងមានវិនិយោគិនព័រទុយហ្កាល់មកបណ្តាក់ទុន ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាឌីជីថល និងថាមពលកកើតឡើងវិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនលោកជំទាវអំពីវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕

