សម្តេចតេជោ ណែនាំឱ្យក្រុមសំដែងក្នុងពិធីបុកល័ក្ត ត្រូវពិនិត្យ និងកែតម្រូវឡើងវិញទាំងកាយវិការ និងពាក្យសំដីនិយាយ ដើម្បីកុំឱ្យប៉ះពាល់ព្រះរបស់បងប្អូនខ្មែរឥស្លាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យក្រុមសំដែងក្នុងពិធីបុកល័ក្ត ត្រូវពិនិត្យ និងកែតម្រូវឡើងវិញទាំងកាយវិការ និងពាក្យសំដីនិយាយ ដើម្បីកុំឱ្យប៉ះពាល់ព្រះរបស់បងប្អូនខ្មែរឥស្លាម។
តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៤នេះ សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះថា “ ក្បែរភ្លឺយប់មិញ ខ្ញុំបានបង្ហោះសារទាក់ទងដល់ពិធីបុកលក្ត័ ដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូន ដែលជាខ្មែរឥស្លាមបង្ហាញឲ្យឃើញថា បងប្អូនមិនបានជំទាស់នឹងការសំដែង ដែលមានតួរសំដែងជាបងប្អូនខ្មែរឥស្លាមនោះទេ។
អ្វីដែលបងប្អូនមិនសប្បាយចិត្ត គឺពាក្យពេជនិងឥរិយាបទសំដែងខ្លះ ខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឲ្យមានប្រតិកម្ម។ រឿងនេះសូមបងប្អូនគ្រប់ក្រុមសំដែង ត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។
បងប្អូនឥស្លាមទូទាំងពិភពលោក គោរពខ្លាំងណាស់នូវព្រះអាល់ឡោះ ដូចនេះមិនអាចសំដែងប៉ះពាល់បានទេ។ ដូចនេះបញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសំដែង ឬក្រុមសំដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ ទាំងពាក្យសំដី ទាំងកាយវិការ សម្រាប់ការសំដែង ជៀសវាងឲ្យខាងតែបាននូវពាក្យពេជ្រ ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម។ សូមឲ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនានៅកម្ពុជា បន្តរីកចម្រើនតទៅមុខទៀត”៕

