ជប៉ុន៖ រយៈពេលជិត៣សប្តាហ៍នៃព្រិលធ្លាក់គ្របដណ្តប់យ៉ាងខ្លាំងក្លា ផ្តាច់ជីវិតមនុស្សកើន៤៦នាក់ ខណៈ៥៥៨នាក់ផ្សេងទៀតបានរងរបួស

តូក្យូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ទិន្នន័យថ្មីចុងក្រោយបង្អស់ពី ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសជប៉ុន បានបង្ហាញនៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈថា រយៈពេលជិត៣សប្តាហ៍មកនេះ នៃព្រិលធ្លាក់គ្របដណ្តប់យ៉ាងខ្លាំងក្លា បានផ្តាច់ជីវិតមនុស្សកើន៤៦នាក់ ខណៈ៥៥៨នាក់ផ្សេងទៀត បានរងរបួស។
ការធ្លាក់ព្រិលឥតស្រាកស្រាន្តចាប់តាំងពីចុងខែមក បានគ្របដណ្តប់លើបណ្តាសហគមន៍នៅភាគខាងជើងប្រទេសជប៉ុន ហើយបង្កភាពវឹកវរជាខ្លាំងចំពោះការធ្វើចរាចរណ៍ ជាពិសេសនៅតាមបណ្តោយឆ្នេរដែលស្ថិតជាប់សមុទ្រជប៉ុន។
ប៉ូលិសនិងអាជ្ញាធរប្រចាំមូលដ្ឋាន បានឱ្យដឹងថា ឧបទ្ទវហេតុបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើនករណី បានកើតឡើងនៅពេលដែលគំនរព្រិលធំៗ ធ្លាក់ពីដំបូលផ្ទះសង្កត់លើអ្នកស្រុក ដែលភាគច្រើនជាជនចាស់ជរា ឬនៅពេលពួកគេរអិលជើងដួល ដោយសារព្យាយាមសម្អាតព្រិលដែលនៅនឹងដី ជាដើម។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន នៅខេត្ត Aomori ភាគខាងជើង ប្រជាជនជប៉ុន កំពុងបន្តប្រឈមជាមួយបញ្ហាលំបាក ដែលបង្កឡើងដោយសារគំនរព្រិលកម្រាស់ចន្លោះជាង១ម៉ែត្រ ទៅ២ម៉ែត្រ៕

