រដ្ឋបាលលោក ត្រាំ បាននិងកំពុងអនុញ្ញាតឱ្យចិន ទិញប្រេងវ៉េណេស៊ុយអេឡា ប៉ុន្តែមិនមែននៅក្នុងតម្លៃទាប ដូចមុនពេលសហរដ្ឋអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ នោះទេ

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ មន្រ្តីអាមេរិកម្នាក់និយាយថា រដ្ឋបាលលោក ត្រាំ បាននិងកំពុងអនុញ្ញាតឱ្យចិន ទិញប្រេងវ៉េណេស៊ុយអេឡា ប៉ុន្តែមិនមែននៅក្នុងតម្លៃទាប ដូចមុនពេលសហរដ្ឋអាមេរិក ចាប់ខ្លួនមេដឹកនាំ លោក នីកូឡាស់ ម៉ាឌូរ៉ូ នោះទេ។
មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ខណៈដែលប្រេងវ៉េណេស៊ុយអេឡា ត្រូវដាក់លក់លើទីផ្សារពិភពលោក រដ្ឋបាលលោក ត្រាំ ទាមទារឱ្យប្រេងភាគច្រើន លក់ចេញទៅអាមេរិក។
មន្ត្រីដដែលគូសបញ្ជាក់ថា «ប្រជាជនវ៉េណេស៊ុយអេឡា នឹងអាចប្រមូលបានតម្លៃសមរម្យ សម្រាប់ការលក់ប្រេងរបស់ពួកគេពីចិន និងប្រទេសដទៃទៀត ជាជាងតម្លៃថោក និងពុករលួយ»។
គួរបញ្ជាក់ថា បន្ទាប់ពីការចាប់ខ្លួនលោក ម៉ាឌូរ៉ូ នាដើមខែមករា សហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងគ្រប់គ្រងការលក់ប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា ដោយគ្មានពេលកំណត់។ ចិនជាម៉ូយទិញប្រេងកំពូលរបស់វ៉េណេស៊ុយអេឡា អស់រយៈពេលច្រើនឆ្នាំមកហើយ ហើយការលក់ប្រេងនេះ បានជួយទីក្រុងការ៉ាកាស សងលុយកម្ចីទៅឱ្យប៉េកាំងវិញ ក្រោមកិច្ចព្រមព្រៀងបំណុលក្នុងវិស័យប្រេង៕

