រដ្ឋបាលខេត្តរតនគិរី តែងតែយកចិត្តទុកដាក់ ក្នុងការបង្ក្រាបបទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តរតនគិរី

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានច្រានចោលការផ្សាយលើទំព័រហ្វេសប៊ុកមាតាធម្មជាតិកម្ពុជា (Mother Nature Cambodia) ដែលបានចុះផ្សាយថា សកម្មភាពជីកយករ៉ែមាស នៅក្នុងឧទ្យានជាតិដ៏ចំណាស់មួយ បំពុលប្រភពទឹកសំខាន់ៗ និងគំរាមកំហែងដល់ជីវិតសហគមន៍មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិចព្រៅ រស់នៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី និងបានលើកឡើងពីឈ្មោះរបស់ ក្រុមហ៊ុនគ្លូប៊លហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន GLOBAL GREEN(CAMBODIA)ENERGY DEVELOPMENT CO.LTD។
រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ជូនថា ក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ពុំទាន់មានអាជ្ញាបណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្មជីកយករ៉ែមាសស្ថិតនៅឧទ្យានជាតិ ក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដូចការអះអាងរបស់អង្គការមាតាធម្មជាតិកម្ពុជានោះឡើយ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ ក្នុងការបង្ក្រាបបទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តរតនគិរី។ ដោយឡែកនៅតំបន់នោះក្រុមការងារចម្រុះថ្នាក់ខេត្តបានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស ធ្វើអាជីវកម្មរ៉ែ ដោយខុសច្បាប់ជាប្រចាំ។ ចំពោះទឹកល្អក់តាមដងអូរតាបូកកន្លងទៅ គឺមូលហេតុរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងការសាងសង់ផ្លូវតាមខ្សែក្រវាត់ព្រំដែន ព្រមទាំងការឈូសឆាយដីសម្រាប់ការដាំដុះ របស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច៕

